ដោយ: គង់ លាងហួរ
ក្រុងតៃប៉ិៈ លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់បានព្រមានកាលពីថ្ងៃអង្គារកន្លងទៅថា ក្រុមហ៊ុនតៃវ៉ាន់ដែលមានមូលដ្ឋាននៅប្រទេសចិន អាចនឹងបង្ខំចិត្តចាកចេញ ប្រសិនបើក្រុមហ៊ុនទាំងនោះមានអារម្មណ៍ថា ពួកគេរងសម្ពាធដោយអយុត្តិធម៌។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Foxconn របស់តៃវ៉ាន់។
-->
លោក Lai Ching-te បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រសិនបើក្រុមហ៊ុនតៃវ៉ាន់ បង្កើនការប្រុងប្រយ័ត្ន និងភ័យខ្លាច ហើយបាត់បង់ទំនុកចិត្តនៅក្នុងប្រទេសចិន នោះពួកគេអាចនឹងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេបន្តិចម្តងៗ ទៅកាន់ប្រទេសផ្សេងទៀត”។
លោក Lai បានបញ្ជាក់ថា “នោះនឹងក្លាយជាការខាតបង់ដ៏ធំមួយសម្រាប់ប្រទេសចិន”។លោកបានជំរុញឱ្យប្រទេសចិនស្រឡាញ់ និងឱ្យតម្លៃ ក្រុមហ៊ុនអាជីវកម្មតៃវ៉ាន់ ដែលរកស៊ីនៅក្នុងប្រទេសចិន ហើយកុំដាក់សម្ពាធលើពួកគេរាល់ពេល មានការបោះឆ្នោតម្តងៗនៅកោះតៃវ៉ាន់។
កាសែតរដ្ឋចិន Global Times បានរាយការណ៍ថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដ៏ធំបំផុតមួយរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរសព្ទiPhones របស់ Apple កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពន្ធ និងដីធ្លីនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិន។
ទោះជាយ៉ាងនេះក្តី កាសែត Global Times មិនបានបញ្ជាក់អំពីអ្វីដែលអាជ្ញាធរចិន កំពុងពិនិត្យមើល ឬបទល្មើសណាមួយដែលក្រុមហ៊ុន Foxconn បានប្រព្រឹត្តនោះទេ។
ទន្ទឹមគ្នានេះ ក្រុមហ៊ុន Foxconn បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតនោះទេ។
ការស៊ើបអង្កេតនេះបានធ្វើឡើង ស្របពេលដែលកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាដណ្តើមយកមកគ្រប់គ្រងនៅថ្ងៃណាមួយ កំពុងរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងខែមករា ឆ្នាំ២០២៤ខាងមុខ៕