ដោយៈ តែម សុខុម
ប៉េកាំងៈ មហាយក្សចិន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅបានចាប់ផ្ដើមដំណើរការ ជាផ្លូវការនូវវាលខួងយករ៉ែប្រេង មានជម្រៅជ្រៅបំផុត និងធំបំផុតរបស់ខ្លួន។
យោងតាមកាសែត China Daily ចុះផ្សាយនៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា នេះបានឱ្យដឹងថា វាលខួងប្រេង Fuman Oilfield ដែលមានជម្រៅជ្រៅបំផុត និងធំបំផុតប្រចាំប្រទេសចិន មានផ្ទុកកំណប់ប្រេង និងឧស្ម័នដ៏ច្រើនមហាសាល។
-->
ទីវាលខួងប្រេងនេះ មានភូមិសាស្ត្រស្ថិតនៅវាលខ្សាច់ Taklamakan Desert ក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ទីដែលជនជាតិដើមភាគតិចវីហ្គួ (Uyghur) កាន់សាសនាអ៊ីស្លាម រស់នៅ។
សាខានៃក្រុមហ៊ុន PetroChina ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នឈានមុខគេរបស់ប្រទេសចិន បានទម្លាយឱ្យដឹងថា ទីវាលខួងប្រេងនេះ ត្រូវគេជឿថាមានផ្ទុកកំណប់រ៉ែប្រេង និងឧស្ម័នជាង១ពាន់លានតោន ដែលភាគច្រើនត្រូវបានរកឃើញក្រោមដី ក្នុងជម្រៅចន្លោះពី៧.៥០០ ទៅ១០.០០០ម៉ែត្រ។
ទីវាលខួងប្រេង Fuman Oilfield ត្រូវបានរំពឹងថា នឹងអាចផលិតប្រេង និងឧស្ម័នបានប្រមាណ៥លានតោន ក្នុងមួយឆ្នាំៗនៅឆ្នាំ២០២៥៕ China Daily ៕