ការស្ទាបស្ទង់: តម្លៃលំនៅឋានថ្មីក្នុងប្រទេសចិន ហក់ឡើង៣ខែជាប់គ្នាក្នុងខែវិច្ឆិកា

0

តែម សុខុម

ប៉េកង: ការស្ទាបស្ទង់ជាលក្ខណៈឯកជនមួយបានបង្ហាញកាលពីថ្ងៃសុក្រ ទី០១ ធ្នូ ថា តម្លៃលំនៅឋានថ្មីក្នុងប្រទេសចិន បានហក់ឡើងតិចតួចរយៈពេល៣ខែជាប់គ្នាក្នុងខែវិច្ឆិកា។

ការហក់ឡើងថ្លៃ៣ខែជាប់គ្នានេះកើតមានឡើង ខណៈវិស័យអចលនទ្រព្យចិន ដែលជួបព្យុះវិបត្តិកំពុងប្រឹងប្រែងរក្សាលំនឹងទាំងត្រដាបត្រដួស ទោះជារដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការគាំទ្រជាច្រើនយ៉ាងណាក្ដី។

យោងតាមការស្ទាបស្ទង់របស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បង្ហាញថា តម្លៃលំនៅឋានថ្មីបានហក់ឡើងជាមធ្យម០,០៥%បើធៀបនឹងខែតុលា បន្ទាប់ពីហក់ឡើង០,០៧% និង០,០៥%។

ក្នុងចំណោម១០០ទីក្រុងដែលត្រូវបានស្ទាបស្ទង់ មានតែ៣៨ទីក្រុងប៉ុណ្ណោះដែលបានរាយការណ៍ពីការឡើងថ្លៃលំនៅឋានថ្មី។

វិស័យអចលនទ្រព្យចិន ដែលគ្របដណ្ដប់ប្រមាណ១ភាគ៤នៃផលទុនជាតិសរុប (GDP) នៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានដាំក្បាលចុះយ៉ាងខ្លាំងដោយសារជួបព្យុះវិបត្តិអស់ពីមួយទៅមួយរួមមានការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគជាដើម។

ហើយដើម្បីជួយគាំទ្រដល់វិស័យអចលនទ្រព្យ រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានដាក់ចេញវិធានការជាច្រើនរួមមានការបន្ធូរបន្ថយនូវវិធានការរឹតបន្តឹងលើការទិញផ្ទះ និងការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះផងដែរ។

ការស្ទាបស្ទង់មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា បានរកឃើញថា តម្លៃលំនៅឋានថ្មីត្រូវបានរំពឹងថានឹងហក់ឡើងក្នុងរង្វង់១%នៅឆ្នាំក្រោយ ដោយប្រែប្រួលបន្តិចពីការស្ទាបស្ទង់មួយផ្សេងទៀតកាលពីខែសីហា៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here