ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងនូវទស្សនទានមួយចំនួនជូនប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាទាក់ទងនឹងកាលានុវត្តន៍ភាព សម្រាប់ទាក់ទាញការវិនិយោគនិងចូលរួមលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសនឲ្យដឹងនាថ្ងៃទី២០ កុម្ភៈនេះថា ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើម នៃការផលិត លោកសូមចូលរួមជាធាតុចូលមួយចំនួន + រដ្ឋគួរតែបង្កើតតំបន់រដ្ឋបាលពិសេស ឬ ក៏តំបន់ស្វយ័តសេដ្ឋកិច្ចពិសេស ចំនួនបីតំបន់ជាបឋម :ទី 1 ខេត្ត ព្រះសីហនុ កំពត និងកោះកុង។ ទី 2 តាមព្រំដែនវៀតណាមមានខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងទី3 តាមព្រំដែនថៃ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។
លោកឧកញ៉ាបានបន្តថា ចំពោះខេត្តដទៃទៀត គួរតែបង្កើនការអនុម័តទំហំទឹកប្រាក់នៃការវិនិយោគអោយធំជាង២លានដុល្លា ដែលមានអនុគណកម្មការវិនិយោគខេត្តស្រាប់ ហៅថា (CDC ខេត្ត)ដែលផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ទី១ អ្នកវិនិយោគទាំងចាស់ទាំងថ្មីទាំងក្នុងស្រុកនិងមកពីបរទេស ងាយស្រួលទទួលបាននូវរាល់សេវាបែបបទរដ្ឋាភិបាលនៅក្បែររោងចក្រសហគ្រាស ដែលត្រូវស្នើសុំបង្កើតថ្មី នឹងនាំចេញនាំចូលនូវរាល់ផលិតផលដែលផលិតបាន ។
ទី២ កាត់បន្ថយថ្លៃដើមតាមរយៈការដឹកជញ្ជូនដែលមានតម្លៃថ្លៃទ្វេដងកន្លងមកដែលរោងចក្រសហគ្រាសមួយចំនួន នាំចូលទំនិញឬវត្ថុធាតុដើមពីកំពុងផែក្រុងព្រះសីហនុ និងតាមបណ្តាមាត់ច្រកព្រំដែនផ្សេងៗមកកាន់រោងចក្រនៅក្នុងនិងជុំវិញ រាជធានីភ្នំពេញ ផលិតរួចដឹកនាំចេញទៅវិញ។
ទី៣ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ4 និងផ្លូវជាតិផ្សេងៗទៀត និងការកកស្ទះចរាចរណ៍ នៅក្នុងនិងជុំវិញរាជធានីភ្នំពេញ។ ទី៤ បង្ខិតរោងចក្រសហគ្រាសដល់មូលដ្ឋាន ជួយកាត់បន្ថយនូវពលករចំណាកស្រុក និងទី៥ ការបន្ថយការបំពុលបរិស្ថាន នៅជុំវិញទីក្រុងនាពេលបច្ចុប្បន្ននិងនាពេលអនាគត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕