ដោយ វុត្ថា
មណ្ឌលគីរ៖ អាជ្ញាធខេត្តមណ្ឌលគិរី បានគ្រោងចំណាយទឹកប្រាក់ ១០លានដុល្លារ ដើម្បីកសាងសួនឧទ្យានសែនមនោរម្យ ដែលមានទំហំធំជាងគេបង្អស់នៅប្រទេសកម្ពុជា ហើយបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅលើបរិវេណដីអតីតប្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

-->
មានប្រសាសន៍នៅក្នុងពិធីសម្ពោធ បើការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ស្វាយ សំអ៊ាង បានឲ្យដឹងថា ឧទ្យានយ៉ាងប្រណីតមួយនេះ មានរចនាបថរបស់ខ្មែរ មានដាំដើមឈើចម្រុះ ទីលានហាត់កីឡា សំណង់វិមានឯករាជ្យ រូបសំណាងគង សំណាកឃ្លោក រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ ដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្តឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀតក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ។
លោកបន្តថា “ការចំណាយជាក់ស្តែង គឺអាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយមានការសហការនឹងជំនួយពីសប្បុរសជន ក្រុមហ៊ុននានាទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិការរបស់ថ្នាក់ជាតិឡើយ”។

លោកអភិបាលខេត្តបានណែនាំ និងជំរុញដល់មន្ទីរអង្គភាព ក៏ដូចជា វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាសាងសង់ វិមានឯករាជ្យនេះឱ្យទទួលបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ ហើយបន្តអភិវឌ្ឍន៍ ខេត្តមណ្ឌលគិរី ឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត។

ឧទ្យានសែនមនោរម្យ បាននិងកំពុងសាងសង់នៅចំកណ្តាលបេះដូង ក្រុងសែនមនោរម្យ ហើយសួនច្បារដ៏ធំមួយនេះមានបណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែងនិងគ្របដណ្តប់លើផ្ទៃដី ២០ហិកតា៕