ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោក Arnaud DARC បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នមានបណ្តាក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាច្រើន ដែលកំពុងដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា មានគម្រោងពង្រីកការវិនិយោគទុន នៅក្នុងវិស័យទេសចរណ៍ ខណៈកម្ពុជាកំពុងប្រឈមការខ្វះខាតធនធានមនុស្សក្នុងវិស័យទេសចរណ៍។
លោកប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ កុម្ភៈកន្លងមកថា ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបានក្លាយជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញនៅពិភពលោក ប៉ុន្តែកម្ពុជានៅបច្ចុប្បន្ន បានកំពុងជួបប្រឈមការខ្វះខាតធនធានមនុស្ស ខ្វះខាតសាលា និងខ្វះខាតបុគ្គលិកនិយោជិកសម្រាប់បំរើសេវាប្រកបដោយភាពជូនបណ្តាភ្ញៀវទេសចរអន្តរជាតិ។
លោកបន្តថា “ដោយមើលឃើញភាពខ្វះខាតនេះ មានក្រុមហ៊ុនរបស់លោកផ្ទាល់ ក៏ដូចបណ្តាក្រុមហ៊ុននានាទៀត មកបណ្តាប្រទេសនៅប៉ែកខាងអឺរ៉ុប មានបំណងពង្រីកអាជីវកម្ម វិនិយោគក្នុងវិស័យទេសចរណ៍ ពិសេសការវិនិយោគលើការងារបដិសណ្ឋារកិច្ចអោយមានភាពរីកចំរើននៅកម្ពុជា”។
-->
លោក Arnaud DARC បានបន្តទៀតថា បើមើលពីការងារមគ្គុទេសទេសចរណ៍ ឬការងារអ្នកណែនាំភ្ញៀវ គឺកម្ពុជាមានភាពសំបូរបែប ប៉ុន្តែបើមើលពីការងាររៀបចំបដិសណ្ឋារកិច្ចនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ កន្លែងកំសាន្ត តំបន់ទេសចរណ៍នានាទៀត គឺកម្ពុជា នៅមានការខ្វះខាតច្រើន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងទេសចរណ៍បាន និងកំពុងខិតខំអភិវឌ្ឍន៍វិស័យធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងនោះ ក្រសួងទេសចរណ៍បច្ចុប្បន្ន ក៏បាននិងកំពុងសហការជាមួយបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦ កន្លែងផ្តល់ប្រាក់កំចីជូនសិស្សិនិស្សិតក្រីក្រ បង់ថ្លៃសាលា ដើម្បីរៀនសូត្រជំនាញនានា នៅក្នុងវិស័សទេសចរណ៍។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតចាប់ពីខែមិថុនាឆ្នាំ២០១៨ មកដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ នៅកម្ពុជាមានសិស្សនិស្សិតទទួល បា្រក់កំចីពីធនាគារ យកទៅបង់ថ្លៃសាលាសម្រាប់សិក្សាជំនាញ ក្នុងវិស័យទេសចរណ៍ កើន៤០ភាគរយ នៅពេលបច្ចុប្បន្ន មានសិស្សនិស្សិតទទួលបា្រក់ កំចីពីធនាគារយកទៅបង់ថ្លៃសាលាមានចំនួនជិត៣០០នាក់៕