ដោយៈ គង់ ហ្វីអូណា
បាវិតៈ គំរោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ត្រូវបានគេនឹកឃើញដល់ទឹកដីក្រុងបាវិតមុនគេ ជាទឹកដីដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម។
ទីក្រុងនេះត្រូវបានគេស្គាល់ថា ជាក្រុងសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃខេត្តស្វាយរៀង ជាទីក្រុងដែលដើរតួជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម មានភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរចេញចូលមិនដាច់ បង្កជាភាពអ៊ូអរខ្លាំង មិនចាញ់ក្រុងឯទៀតនៅកម្ពុជាឡើយ ។
ក្រុងបាវិត មានព្រំប្រទល់ ខាងជើងជាប់ជាមួយស្រុកស្វាយទាប និងស្រុកបេនកូវ ខេត្ដតៃនីញ ប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខាងលិចជាប់នឹងស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ និងខាងកើតជាប់នឹងស្រុកបេនកូវ ស្រុកចាងបាង ខេត្ដតៃនីញ និងស្រុកឌឹកវ៉េ ខេត្ដឡុងអាន ប្រទេសវៀតណាម ។យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញពីប្រវត្តិក្រុងបាវិតយ៉ាងដូច្នេះថា បាវិត ដើមឡើយគឺជាភូមិមួយ ដែលមានមនុស្សរស់នៅតិចតួច ជាវាលរាបសម្បូរទៅដោយស្មៅ និងសត្វប្រវឹករស់នៅ។
តាមឯកសារខ្លះបានរៀបរាប់ថា “ពាក្យបាវិត ក្លាយមកពីពាក្យថា ប្រវឹក” ពាក្យនេះប្រើប្រាស់ពេល ដែលអ្នកបកប្រែភាសា ជនជាតិវៀតណាមនិយាយមិនច្បាស់ជាភាសាបារាំងថា “បាវឹក” ក្រោយមកក្លាយជា បាវិត ពេលបង្កើតឃុំ ក៏ជាប់ងារនេះរហូតដល់បច្ចុប្បន្ន ។
អំឡុងពេលបារាំងធ្វើផ្លូវជាតិលេខ១ ពីព្រៃនគរ មកភ្នំពេញ គឺបារាំង បានជ្រើសរើសធ្វើផ្លូវថ្នល់ជាតិទី១ កាត់តាមបាវិតនេះ មុនគេបង្អស់នៅឆ្នាំ១៩០៣ ។
ក្រោយពីមានផ្លូវ មនុស្ស បានរស់នៅតំបន់នេះច្រើន អំឡុងពេលនោះហើយ ដែលរាជការបារាំង ខ្មែរ បានរៀបចំបង្កើតជារដ្ឋបាល ឃុំបាវិត (ពាក្យកម្លាយពីប្រវឹក) នៅចន្លោះឆ្នាំ១៩១៩-១៩២២ ជាផ្លូវការ ។
ក្រោយពេលបង្កើតឃុំបាវិត ឃុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាប តរៀងមក។ ឆ្នាំ១៩៦៨ ឃុំបាវិត ត្រូវបានដាក់បញ្ចូលឱ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញ។ នៅឆ្នាំ២០០៨ បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងបាវិត ដោយផ្ដាច់ចេញពីស្រុកចន្ទ្រា ។
បើយោងតាមខ្លឹមសារសៀវភៅប្រវត្តិវត្តពោធិ៍ថ្មី របស់លោកគ្រូព្រឹទ្ឋាចារ្យ សួស ថន បានបង្ហាញថា ប្រជាជនឃុំបាវិត ពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នា ជារបៀបសហគមន៍ ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិច ជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹង ពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះ ទៅទល់នឹងទន្លេវ៉ៃកូ(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។
កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះ ពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះ ជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាន់តំបន់ចំពុះទាវិញ។
នៅសម័យអាណានិគមន៍បារាំង តំបន់នេះក៏មានចលនាបះបោរប្រឆាំងនឹងបារាំងដែរ។ ដើម្បីបង្ក្រាបចលនាបះបោរនេះ ពិសេសក្នុងការចល័តកងទ័ព តាមទន្លេរវ៉ៃកូខាងកើតម្ដងៗ កងនាវាចម្បាំងបារាំង តែងតែបាញ់បោះគ្រាប់ផ្លោង មកលើត្រើយខាងលិចបឹង ពេលខ្លះកងការណូតចម្បាំងបារាំង ចូលមកធ្វើការរាតត្បាត អ្នកស្រុកនៅត្រើយខាងលិច ធ្វើឱ្យពួកគេមានការភ័យខ្លាច រត់ចោលផ្ទះសម្បែងហើយប្រជាជនខ្លះបានរុះរើថយចូលមកក្នុង (មកលិច) ដើម្បីចៀសផុតពីគ្រោះថ្នាក់។
ដោយសារសង្គ្រាមបានបំផ្លិចបំផ្លាញផ្លូវ ផ្ទះសម្បែងទ្រព្យសម្បត្តិ ខ្វះស្បៀងអាហារ ម្យ៉ាងទៀតកត្តាអសន្ដិសុខ នៅកើតមាននៅឡើយម្លោះហើយ ពួកគេបានសម្រេចចិត្តបោះបង់ ភូមិកំណើតចាស់ចោលហើយមកប្រមូលផ្ដុំគ្នា រស់នៅក្បែរបន្ទាយទាហានអាណានិគមបារាំងមួយក្បែរបន្ទាយតុងកាក ដែលស្ថិតនៅត្រង់សាលាសង្កាត់បាវិតសព្វថ្ងៃនេះ ដើម្បីងាយស្រួលក្នុងការការពារសន្ដិសុខសង្គម។
ដើម្បីងាយស្រួលក្នុងការការពារ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្រោយសង្គ្រាម រដ្ឋអំណាចមូលដ្ឋានឃុំបាវិតជំនាន់នោះ បានបែងចែកទីតាំងភូមិឱ្យប្រជាជន រស់នៅតាមទិសដៅដូចខាងក្រោម៖ – ភូមិបាវិត នៅខាងកើតវត្ត – ភូមិច្រកលាវ នៅខាងត្បូងវត្ត – ភូមិតាពៅ នៅខាងលិចវត្ត – ភូមិតាបឹប នៅខាងជើងវត្ត ការបែងចែកទីតាំងភូមិតាមទិស ឱ្យប្រជាជនរស់នៅនេះ បានជាប់រហូតមកដល់សព្វថ្ងៃនេះ។
នៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ពេញបរិបូណ៍ពីអាណានិគមបារាំង។ កងទ័ពបារាំង ក៏ត្រូវបានដកចេញទាំងអស់ពីទឹកដីកម្ពុជា។
នៅឆ្នាំ១៩៥៤ បន្ទាយទាហានរបស់អាណានិគមបារាំង ឈ្មោះថា បន្ទាយតុងកាក ត្រូវបានរុះរើចោល។ ដីនៅខាងជើងផ្លូវជាតិ រដ្ឋអំណាចទុកសាងសង់សាលាឃុំ ចំណែកដីខាងត្បូងផ្លូវរដ្ឋអំណាចទុកសម្រាប់ប្រជាពលរដ្ឋ និងសាងសង់វត្តសម្រាប់ ប្រជាជនធ្វើបុណ្យទាន។
បច្ចប្បន្នក្រុងបាវិត មានចំនួន៥សង្កាត់ គឺសង្កាត់ច្រកម្ទេសសង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាវិត និងសង្កាត់បាទី ដែលមានប្រជាជនសរុបប្រមាណ៤៩.៧៦០នាក់ (ទិន្ន័យពីរដ្ឋបាលខេត្តស្វាយរៀងក្នុងឆ្នាំ ២០២០) ។
ក្រុងបាវិត ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាសចំនួន៣៦កន្លែង និងបានទាក់ទាញកម្លាំង ពលកម្មប្រមាណ៣៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ បាវិត ក៏ជាបណ្ដុំមជ្ឈមណ្ឌលកម្សាន្តដ៏ស៊ីវិល័យ មានដូចជា សណ្ឋាគារ ក្លឹបកម្សាន្ដ កាស៊ីណូជាប់ព្រំដែន ដែលអាចឱ្យអ្នកទេសចរជាតិ អន្ដរជាតិ មកកម្សាន្ដ ផងដែរ ។
បន្ទាប់ពីរដ្ឋាភិបាល បានដាក់ផែនការអភិវឌ្ឍន៍ក្រុង សម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រួចមក បច្ចុប្បន្នក្រុងនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនបរទេស គួរឱ្យកត់សម្គាល់ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវសញ្ញាណសំខាន់ៗមួយចំនួន នៃកំណើនការវិនិយោគមកលើក្រុងបាវិត។
ជាងនេះទៅទៀត អ្វីដែលអ្នកវិនិយោគកាន់តែរំពឹងខ្ពស់ ទៅលើទឹកដីក្រុងបាវិត អាចនឹងក្លាយជាតំបន់ទឹកដីមាស នោះគឺនៅពេលបញ្ចប់គម្រោងសាងសង់ ជាស្ថាពរផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅចុងឆ្នាំ២០២៦ ឬដើម ឆ្នាំ២០២៧ ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ៕