ចង់ដឹងឬទេថា តើទិញផ្ទះយ៉ាងដូចម្តេច ដើម្បីវិនិយោគយកប្រាក់ចំណេញមកវិញបានឆាប់រហ័ស និងលក់ដាច់លឿន។
ឥឡូវនេះវេបសាយ www.propertyarea.asia បានក្លាយជាអ្នកប្រឹក្សាយោបល់ជាមួយអ្នកបានហើយ តាមរយៈការបង្ហាញចំណេះដឹង និងវិធីសាស្ត្រសម្បូរបែប និងប្រកបដោយជំនាញច្បាស់លាស់ ដើម្បីអាចឲ្យលោកអ្នក យកទៅអនុវត្តន៍បានមានប្រសិទ្ឋិភាពខ្ពស់ ដែលផ្ដល់កិច្ចសម្ភាសដោយលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong។

-->
ទិញផ្ទះដែលទើបសាងសង់?
ហេតុអ្វី លោកអ្នក ត្រូវទិញផ្ទះទើបនឹងសាងសង់ ព្រោះម្ចាស់គំរោងខ្លះពួកគេ មិនសូវមានទុនច្រើនសម្រាប់បង្វិលទេ។ ទើបផ្ទះពួកគេត្រូវការទុន ដើម្បីសាងសង់គំរោងលំនៅដ្ឋានរបស់ពួកគេ ហេតុនេះដំណាក់កាលដំបូងផ្ទះរបស់ពួកគេមានតម្លៃធូរថ្លៃជាងផ្ទះធ្វើរួចហើយ ឬធ្វើជិតរួច។
ធម្មតាផ្ទះតែងតែឡើងថ្លៃ
មិនថាតែអ្នកវិនិយោគមានប្រាក់តិច ឬមានប្រាក់ច្រើនទេ តែងតែលក់ផ្ទះរបស់ខ្លួនឡើងថ្លៃ តាមដំណាក់កាលនៅពេលផ្ទះរបស់ ពួកគេសាងសង់បានកាន់តែច្រើន។ ហេតុនេះការទិញគំរោងតំបូង លោក អ្នកអាចចំណេញចន្លោះពី១០ទៅ២០ភាគរយនៃតំលៃលំនៅដ្ឋានរបស់ខ្លួន។
ទិញផ្ទះដែលអ្នកស្រលាញ់
ធម្មតាផ្ទះដែលអ្នកស្រលាញ់ ក៏អាចអ្នកដទៃស្រលាញ់ ព្រោះជាផ្ទះអាចប្រកបអាជីវកម្មបាន ឬជាផ្ទះដែលស្ថិតនៅទីតាំងមិនសូវអ៊ូអរ ដែលជាការនិយមរបស់មនុស្សដែលនិយមភាពស្ងប់ស្ងាត់ និងមិនមានបំណងចង់ធ្វើអាជីវកម្មអ្វីមួយ។
គិតពីហុងស៊ុយ
ជំនឿហុង ស៊ុយមានសារៈសំខាន់ណាស់ ក្នុងផ្នត់គំនិតជនជាតិចិន និងជនជាតិខ្មែរផងដែរ ព្រោះផ្ទះបែរមុខទៅទិសខាងលិច ជាផ្ទះមិនសូវមានការពេញនិយមទេ។ ពិសេសផ្ទះលែងមានលូនៅចំពីមុខ ឬពីចំហៀង មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកទិញឡើយ ព្រោះពួកគេមានជំនឿថា មិនសូវមានសិរីសួស្តី និងសុខមាលភាពក្នុងការរស់នៅ។
ទិញផ្ទះអាចរកស៊ីបាន
តាមធម្មតាផ្ទះនៅខាងមុខ អាចរកស៊ីបានតែងមានតំលៃខ្ពស់ជាងគេបន្តិច ប៉ុន្តែក៏ជាផ្ទះឡើងថ្លៃលឿនជាងគេ និងចំណេញច្រើនជាងគេផងដែរ ព្រោះផ្ទះប្រកបអាជីវកម្មបាន ជាប្រភេទផ្ទះដែលមានមនុស្សច្រើនឆ្លងកាត់ និងងាយទទួលបានការចាប់អារម្មណ៍។
កេរ្ត៍ឈ្មោះបុរី ឬគុណភាពសំណង់
អ្នកត្រូវប្រាកដថា បុរីដែលអ្នកបានទិញជាបុរីមិនមានបញ្ហា និងតែងតែផ្តល់ទំនុកចិត្តដល់អតិថិជន លើគុណភាពសំណង់របស់ផ្ទះនិមួយៗ ព្រោះការទិញផ្ទះឬគំរោងលំនៅដ្ឋាន ដែលមិនបានគិតគូរម៉ត់ចត់ពីគុណភាពសំណង់ ធ្វើឲ្យអ្នកត្រូវជួបផលវិបាកជាច្រើន លើការជួសជុលមិនចេះចប់មិនចេះហើយ និងពិបាកក្នុងការលក់ ឬស្វែងរកអតិថិជនផងដែរ ប្រសិនជាទិញប៉ះចំលំនៅដ្ឋានបែបនេះ៕