Hattha top Banner

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ពីជំហមេដឹកនាំលើការកសាងសហគមន៍និងវាសនាជាមួយកម្ពុជា និងបណ្តាប្រទេសជាមិត្តដើម្បីវិបុលភាពរួម

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ជំហររបស់រដ្ឋាភិបាលចិន គឺការកសាងសហគមន៍ និងវាសនារួមជាមួយបណ្តាប្រទេសជាមិត្តនានានៅលើពិភពលោក។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentian បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ 2023 មហាសន្និបាតការងារកិច្ចការបរទេសមជ្ឈិម ត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។

មហាសន្និបាតខាងលើបានបូកសរុបសមិទ្ធផល និងបទពិសោ​ធន៍របស់ចិនក្នុងការជំរុញកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ចាប់ដំណើរការពីការពង្រឹងរចនាកម្រិតកំពូល សម្រាប់យុទ្ធសាស្ដ្រការទូតចិនលើដំណើរថ្មី បានបញ្ជាក់យ៉ាងច្បាស់ អំពីក្របខណ្ឌប្រព័ន្ធវិទ្យាសាស្ត្រ សម្រាប់ការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។មេដឹកនាំចិន បានចាត់ទុកការកសាងពិភពលោក ប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខពេញលេញ វិបុលភាពរួម ការបើកចំហយោគយល់គ្នា និងភាពស្រស់ស្អាតជាគោលដៅ នៃការខិតខំ ចាត់ទុកការជំរុញអភិបាលកិច្ចសកល ដែលមានលក្ខណៈពិភាក្សាគ្នារួម កសាងរួម និងចែករំលែករួមជាមាគ៌ាសម្រេច ចាត់ទុកការអនុវត្តគុណតម្លៃរួមមនុស្សជាតិទាំងអស់ ជាគោលការណ៍អនុវត្តន៍ ចាត់ទុកការជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ជាការទ្រទ្រង់មូលដ្ឋាន ចាត់ទុកការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជាការណែនាំយុទ្ធសាស្ត្រ ចាត់ទុកការកសាងរួមគ្នា នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដោយមានគុណភាពខ្ពស់ជាវេទិកាអនុវត្តន៍ ដើម្បីជំរុញបណ្ដាប្រទេសរួមគ្នាតបទល់បញ្ហាប្រឈម និងសម្រេចបាននូវវិបុលភាពរួម។

នាខែមីនា ឆ្នាំ២០១៣ ប្រឈមមុខនឹងសំណួរពិភពលោក សំណួ​រប្រវត្តិសាស្រ្ត និងសំណួរសម័យកាលថា “តើមនុស្សជាតិគួរទៅទីណា?” លោកXi Jinping អគ្គលេខាធិការបក្ស បានយល់យ៉ាងច្បាស់អំពីនិន្នាការអភិវឌ្ឍន៍ និងច្បាប់បម្រែបម្រួលសង្គមមនុស្សជាតិ បានផ្តួចផ្តើមកសាងសហគមន៍វាសនារួម ប្រកបដោយភាពច្នៃប្រឌិត បានចង្អុលបង្ហាញទិសដៅយ៉ាងត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍន៍ពិភពលោក ដែលកំពុងតែស្ថិតក្នុងចំណុចរបត់ប្រវត្តិសាស្រ្ត។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ បានវិវត្តិខ្លួនពីគំនិតផ្តួចផ្តើមរបស់ចិន ទៅជា កុងសុងស៊ីសអន្តរជាតិ ពីចក្ខុវិស័យដ៏ល្អប្រសើរ ទៅជាការអនុវត្តដ៏សម្បូរបែប បានក្លាយជាទ្រឹស្តីស្នូល នៃគំនិតការទូតរបស់ឯកឧត្តម Xi Jinping ហើយក៏បានក្លាយជាគំនិតពុះពារដ៏លេចធ្លោ និងគោលដៅដ៏ខ្ពង់ខ្ពស់ សម្រាប់ការទូតប្រទេសធំ ដែលមានលក្ខណៈពិសេសនៃចិននៅក្នុងយុគសម័យថ្មី។

ក្រោយការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិត្រូវបានផ្តួចផ្តើម ទទួលបានការកោតសរសើរកម្រិតខ្ពស់ និងការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិ។ ប្រទេសចិនបានកសាងទម្រង់ផ្សេងៗនៃសហគមន៍វាសនារួម ជាមួយរាប់សិបប្រទេសនិងតំបន់ បានអនុវត្តការកសាងសហគមន៍វាសនារួម ក្នុងវិស័យជាច្រើនដូចជា សុខាភិបាលសុខភាព មនុស្សនិងធម្មជាតិ បណ្តាញអ៊ីនធើណែត និងមហាសមុទ្រជាដើម។

នៅតំបន់អាស៊ីអាគ្នេយ៍ ចិននិងប្រទេសសមាជិកអាស៊ាន និងប្រទេសឡានឆាង-មេគង្គបានរួមគ្នាកសាងសហគមវាសនារួម ដែលមានលក្ខណៈក្នុងតំបន់ ហើយបានកសាងសហគមន៍វាសនារួមទ្វេភាគី ជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ីជាដើម យើង “ដកដង្ហើមដូចគ្នា និងមានវាសនារួមគ្នា” ជាមួយប្រទេសក្នុងតំបន់និងពាក់ព័ន្ធ ចែករំលែកឱកាសចិន។

ក្នុងកិច្ចការដ៏មហិមា ក្នុងការកសាងសហគមន៍ វាសនារួម សម្រាប់មនុស្សជាតិ សហគមន៍វាសនារួមរវាងចិន-កម្ពុជាតែងតែបោះជំហានឈានមុខ ជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ប្រមូលផ្តុំនូវបទពិសោធន៍ដ៏មានតម្លៃ ក្នុងការកសាងសហគមន៍វាស​នារួម សម្រាប់ប្រទេសជិតខាងនិងមនុស្សជាតិ បានដើរតួនាទីក្នុងការត្រួសត្រាយនិងជាគំរូ។

នាខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណ​ត់កុងសុងស៊ីសដ៏សំខាន់ ក្នុងការបង្កើតសហគមន៍វាសនារួម ដែលជួយគ្នា ទៅវិញទៅមករវាងចិននិងកម្ពុជា។ នាខែមេសា ឆ្នាំ២០១៩ កម្ពុជា បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាលើ ផែនការសកម្មភាពកសាង សហគមន៍វាសនារួមជាមួយប្រទេសចិន។

នាខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពី ការកសាងសហគមន៍វាសនារួមរវាងចិន -កម្ពុជាក្នុងយុគសម័យថ្មី។

នាខែកញ្ញា ឆ្នាំដដែល ប្រទេសទាំងពីរបានចុះហត្ថលេខាលើទម្រង់ថ្មី នៃផែនការសកម្មភាពកសាង សហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា បានឈានចូលដល់យុគសម័យថ្មី ដែលមានការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក្តី ចិន និងកម្ពុជាតែងតែជាមិត្តដែកថែប និងជាដៃគូស្គាល់ចិត្តគ្នា ដែលរួមសុខរួមទុក្ខជាមួយគ្នា និងចាប់ដៃគ្នាសហការ។ សហគមន៍វាសនារួម រវាងចិន-កម្ពុជា ត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅ ក្នុងប្រវត្តិសាស្រ្តចំណងមិត្តភាព ជាពិសេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានសិក្សា លាយបញ្ចូលគ្នា និងផ្លាស់ប្ដូររវាងគ្នានិងគ្នា អស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ។

ទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាង លោកម៉ៅ សេទុង អតីតប្រធានាធិបតីចិន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងព្រមទាំងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានជួយជំរុញការអភិវឌ្ឍន៍ឥតឈប់ឈរ នៃទំនាក់ទំនងប្រទេសទាំងពីរ បង្កើតបានជាគំរូទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដែលសង្កត់ធ្ងន់លើចំណងមិត្តភាពនិងគុណធម៌។

សហគមន៍វាសនារួមរវាងចិន-កម្ពុជា ទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នា កម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ នៃប្រ​ទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំ ទៅក្នុង ​ការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅ រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” របស់ចិន និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា។

ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការ និងជាកត្តាចាំបាច់ដើម្បីជំរុញការកសាង សហគមន៍វាសនារួមរវាងចិន-កម្ពុជា។

កាលពីថ្ងៃទី១៣ ខែមករា ពិធីបើក “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនចិន-កម្ពុជា” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅទីលានជល់ដំរីទឹកដីអង្គរ។

លោកLi Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ។លោកLi Shulei សមាជិកនាយកដ្ឋាននយោបាយមជ្ឈិម បក្សកុម្មុយនីស្តចិន ជាលេខាធិការបក្សនៃលេខាធិការដ្ឋាន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការកណ្តាលចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកខាងលើ និងថ្លែងសុន្ទរកថា ដោយបានបង្ហាញពាក្យពេចន៍ ជូនពរបវរប្រសើរ និងក្តីរំពឹងខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃចិននិងកម្ពុជា។

បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល រៀបចំយ៉ាងសកម្ម នូវកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជនតាមគ្រប់ទម្រង់ លើកកម្ពស់ការផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន ទំនាក់ទំនងវប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដែលវិស័យអាទិភាពទាំង៦។

ចិនមានសុភាសិតមួយតែងពោលថា “ឱកាសពុះពារយ៉ាងអង់អាច គង់តែមកដល់ បង្ហូតក្ដោងសំពៅ បោះជំហានទៅមុខ”។

យើងជឿជាក់ដោយមានហេតុផលពេញលេញថា ក្រោមការណែនាំកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ប្រាកដជានឹងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ប្រាកដជាត្រូវបានអភិវឌ្ឍបន្ថែមទៀត ហើយការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មី ប្រាកដជានឹងឈានដល់កម្រិតថ្មីមួយទៀត ហើយប្រទេសនិងប្រជាជនទាំងពីរ នឹងឈានទៅអនាគតដ៏ត្រចះត្រចង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here