ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្ថានទូតអាមេរិក ដោយសហការជាមួយ សភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យអាកាសចរណ៍ ដែលមានការវិវត្តន៍យ៉ាងឆាប់រហ័សនៅកម្ពុជា។
សិក្ខាសាលាស្តីពី «អាកាសចរណ៍ និងអនុសញ្ញាទីក្រុង Cape Town» រៀបចំឡើងនៅសណ្ឋាគារ Rosewood នាថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៩ នារាជធានីភ្នំពេញ ។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសកម្ពុជា ឱ្យយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃអនុសញ្ញា Cape Town និងសិក្សាបន្ថែមពីរបៀប ដែលអាចជួយដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនឧទ្ធម្ភាគចក្រកាន់តែច្រើនឡើងៗរបស់ប្រទេស ដែលរួមមានវិធីកាត់បន្ថយការចំណាយលើការទិញ និងជួលយន្តហោះក៏ដូចជាផ្តល់ប្រភពថ្មី នៃការផ្តល់ហិរញ្ញប្បទាន។ ព្រឹត្តិការណ៍នេះ ក៏នឹងភ្ជាប់ក្រុមហ៊ុនអាមេរិកជាច្រើន ជាមួយសមភាគីកម្ពុជាដើម្បីពិភាក្សាគ្នា ពីភាពជាដៃគូទៅអនាគតនិងឱកាសធ្វើពាណិជ្ជកម្ម។
តំណាងក្រុមហ៊ុនចំនួន១៣ រូបមកពីវិស័យអាកាសចរណ៍ទូទាំងប្រទេសអាមេរិច នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរួមមាន Boeing, General Electric, Sikorsky, Aircastle, Rossch Group, CFM International, Bosa-Thayaan, ក្រុម Magellan Aviation Group និង AerSale ។ អ្នករួមចំណែកចូលរួមរួមមានអ្នកជំនាញអាកាសចរណ៍មកពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធនៃសហរដ្ឋអាមេរិក។
លោកភារធារី Michael Newbill បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនយ៉ាងលឿន ហើយធ្វើពាណិជ្ជកម្មកាន់តែច្រើន។ពលរដ្ឋរបស់ខ្លួន ព្រមទាំងអ្នកទេសចរ តម្រូវអោយមានសេវា និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ដើម្បីទ្រទ្រង់ដល់ពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិកាន់តែច្រើនឡើង។ ការអនុម័តយល់ព្រមតាមអនុសញ្ញា Cape Town អាចអនុញ្ញាតអោយក្រុមហ៊ុន អាកាសចរណ៍កម្ពុជាជួល ឬទិញយន្តហោះ និងឧទ្ធម្ភាគចក្រ នៅក្នុងតំលៃថោក ព្រមទាំងទាមទារបច្ចេកវិជ្ជាអាកាសចរណ៍ចុងក្រោយខ្លះ នៅលើទីផ្សារ។
លោកបន្តថា “នេះអាចជាជោគជ័យមួយរបស់កម្ពុជា និងសំរាប់អ្នកដែលចង់មកទស្សនាប្រទេសដ៏ល្អនេះ៕