Hattha top Banner

តើប្រមុខរដ្ឋាភិបាលដាក់ចេញកម្មវិធីអ្ចីខ្លះ ដើម្បីជម្រុញការវិនិយោគនិងដោះស្រាយអាគារជាប់គាំងនៅខេត្តព្រះសីហនុ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីពិសេសជំរុញការវិនិយោគ ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”

កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់ សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន ទី១ គម្រោងវិនិយោគ ឬ សកម្ម​ភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៤ ទី២ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាម នៅក្នុងឆ្នាំ ២០២៤។ទី៣ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ២០២៤។

កម្មវិធីពិសេសជំរុញវិនិយោគ ក្នុងខេត្តព្រះសីហនុ ២០២៤ នេះ ក៏បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្ត សកម្មភាពនៃការវិនិយោគ និងធុរកិច្ច នៅក្នុងខេត្តរួមមានជាអាទិ៍ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់ ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិសង្កាត់ និងផ្លូវសំខាន់ៗ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការអភិវ​ឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬ សហគ្រាស និង/ឬ តំបន់ទេសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីនៅព្រឹកថ្ងៃទី៣១មករានេះ បានបង្ហាញពីអត្ថប្រយោជន៍ពិសេស ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ នៅក្នុងក្របខណ្ឌនៃ “កម្មវិធីពិសេស” ដូចជា
ទី១ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម ៖ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម។

ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង។ ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌក​ម្មរដ្ឋបាល។ ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់។

ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់។ ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់, ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ។ ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

ទី២ គម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
* ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិតអនុញ្ញាតនានា។
* ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃសេវាចុះបញ្ជីជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬធ្វើធុរកិច្ចក្នុងខេត្ដព្រះសីហនុ។

ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធ លើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ និងការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក ។

ទី៣ ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
* ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្ត គម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬធុរកិច្ច។

* ការផ្ដល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និង ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់សហ គ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច។

* ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្ត លើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល។

* ការលើកទឹកចិត្តលើកលែងពន្ធ លើប្រាក់ចំណូល រយៈពេល ៣ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការគណនាពន្ធលើប្រាក់ចំណូល។

សម្តេចធិបតីបានបន្តថា ទន្ទឹមនឹងការផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់គម្រោង ឬសកម្មភាពទាំង ៣ប្រភេទខាងលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការចាំបាច់មួយចំនួនទៀត ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែមជារួម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍ ឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ។ វិធានការទាំងនោះរួមមាន៖ ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជាតំបន់ទេសចរណ៍ពិសិដ្ឋ តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិ សាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្តជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង។

* ការផ្តល់ទិដ្ឋាការពិសេស រយៈពេល៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី១០០,០០០ដុល្លារ ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

* ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀ.វទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។

* ការរៀបចំ និងការអនុវត្តយុទ្ធនាការ “ទីក្រុងសុវត្ថិភាព” ព្រឹត្តិ​ការណ៍ និងកម្មវិធីនានា ដើម្បីស្ដារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ។

* ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែន​ការមេ ប្រែក្លាយខេត្ត ព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

* ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម, ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ។

* ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ ជាពិសេសការពង្រឹង តំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាពរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុ- ធាតុដើម និង ធាតុចូលផ្សេងៗ, កិច្ចសម្រួលការដឹកជញ្ជូន និង ពាណិជ្ជកម្ម, ការលើកទឹកចិត្ត និង វិធានការគាំទ្រ ផ្សេងទៀត;។

* ការសម្របសម្រួលក្នុងការអភិវឌ្ឍដី ដែលមានសក្តានុពល (ដីកម្មសិទិ្ធរដ្ឋ ឬ ឯកជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្ដុំឧស្សាហកម្ម ឬ សហគ្រាស និង/ឬតំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រ ផ្នែកគោលនយោបាយលើកទឹកចិត្ត ការអនុ​គ្រោះ និង ហេដ្ឋារចនាសម្ព័ន្ធនានា។

* ការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់ពាណិជ្ជកម្មសេរី តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្ដុំធនធាន និងជំរុញការអភិវឌ្ឍឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹងហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន, និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា យន្តការដែលរាជរដ្ឋាភិបាលបានចេញទាំងអស់នេះ គឺដើម្បីធ្វើពិពិធកម្មនៃជម្រើសការវិនិយោគ។ ជាមួយគ្នានេះ សម្តេចធិបតីបានជំរុញឱ្យអង្គភាពពាក់ព័ន្ធ ប្រឹងប្រែងថែរក្សាសន្តិសុខ ក្នុងឱ្យបានល្អ បើគ្មានសន្តិសុខទេ ការអភិវឌ្ឍរបស់ខេត្តនេះ មិនអាចទៅមុខបាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here