Hattha top Banner

សភាពាណិជ្ជកម្មអាមេរិក បញ្ជាក់ជំហរជួយទាញការវិនិយោគ ពីបរទេសចូលមកកម្ពុជា

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហររបស់ខ្លួនថា នឹងបន្តធ្វើកិច្ច​សហ​ប្រតិ​​បត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ចូលមកកាន់កម្ពុជា។

ជំហរនេះត្រូវបានបង្ហាញដោយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក Devin Barta បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាន​ចំណាយពេលដ៏មមាញឹក​អនុញ្ញា​តឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភា​ពាណិជ្ជកម្ម ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួល និងធានាបាន​បរិយា​កាសវិនិយោគល្អប្រសើរ សម្រាប់ធុរកិច្ចអាមេរិកនៅកម្ពុជា។

លោក Devin Barta ក៏បានជម្រាបសម្ដេចធិបតី អំពី​សកម្មភាពការងារមួយចំនួនរបស់AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់​ទំនង​វិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និង​ឱកាស​វិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹក​នាំ​ស្ត្រី​ជាសហគ្រិន។

លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការ​ទាក់​ទាញវិនិយោគផ្ទាល់ពីបរទេស​មក​កម្ពុជា​ លើវិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តីលទ្ឋ​​​ភាព​ជាម្ចាស់ នៃសហគ្រាសធន់តូច​ ការបណ្តុះ​បណ្តាល ​និង​អភិវឌ្ឍន៍ជំនាញ​ និង​ផ្នែកហិរញ្ញវត្ថុ​ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងសភាពាណិជ្ជ​កម្ម​អា​មេរិកប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់ និងដាក់ទុនវិយោគនៅកម្ពុជា ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ច​នៅកម្ពុជា។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាបន្តពង្រឹង និងពង្រីកនូវកិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់​អំពីការយកចិត្តទុកដាក់ និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា​បរិយាកាសវិនិយោគ​ល្អ​នៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការ​ទូ​ទាត់​​ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្រប​ខ័ណ្ឌកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយ​បណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះសម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា និងគោល​នយោ​បាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ​ចំពោះបរិយា​កាសវិនិយោគ ប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូន​លោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគ លើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការ​អភិ​វឌ្ឍ​វិស័យឌីជីថ៕

LEAVE A REPLY

Please enter your comment!
Please enter your name here