ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ ដែលកំពុងធ្វើការយ៉ាងសកម្មលើការទិញ លក់ ដីធ្លីបានបង្ហើបថា សកម្មភាពទិញ លក់ដីធ្លីបានចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ។
អគ្គនាយកក្រុមហ៊ុនLucky Realty Co, Ltd លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ដីធ្លី បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទាំងនោះ មិនទាន់មានរូបភាពធំៗច្រើននៅឡើយទេ។
លោកបន្តថា “ទីផ្សារដីធ្លី មានសកម្មភាពទិញលក់ច្រើន បើធៀបនឹងឆ្នាំមុន ប៉ុន្តែដីដែលបានលក់ចេញ និងមានត្រូវការជាប្រភេទដីដែលមានតម្លៃក្រោមទីផ្សារនៅឡើយ”។ លោកបន្តថា “ទោះបីត្រឹមរយៈពេល១ខែដើមឆ្នាំ ប៉ុន្តែយើងពិតជាឃើញមានសញ្ញាវិជ្ជមានច្រើនជាងឆ្នាំ២០២៣កន្លងមក”។
-->
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា ពិតជាមានសញ្ញាវិជ្ជមានច្រើន ប៉ុន្តែមិនទាន់មានសកម្មភាពទិញ លក់សកម្មនៅក្នុងទីផ្សារនៅឡើយទេ។ លោកស្រីបន្តថា ទោះជាយ៉ាងណា យើងសង្កេតឃើញដីដែលលក់មិនចេញកន្លងមក បានលក់ចេញ ប៉ុន្តែតម្លៃដីធ្លីមិនទាន់មានការកើនឡើងនៅឡើយទេ”។
លោកស្រីបន្តថា ទីផ្សារដើមឆ្នាំនេះ ហាក់មានសញ្ញាវិជ្ជមាន ជាក្តីសង្ឃឹម ដែលអ្នកនៅក្នុងវិស័យនេះ មានទស្សនវិស័យវិជ្ជមានជាងមុន”។
ចំណែកអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNeX Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារពិតជាមានសញ្ញាវិជ្ជមានជាងឆ្នាំមុន ដោយមានរំហូរអ្នកវិនិយោគអន្តរជាតិបណ្តើរៗ បានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា។
អ្នកស្រីបន្តថា “យើងឃើញមានតម្រូវការដីធ្លី ផ្នែកឧស្សាហកម្ម កសិកម្ម និងការជួលអាគារមួយចំនួនបានកើនឡើង”៕