ប្រជាពលរដ្ឋ​ជិត​ ​២លាន​គ្រួសារ​​បាន​ប្រើប្រាស់​​ឥណទាន​​របស់​​មីក្រូហិរញ្ញវត្ថុ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត ២លាន​គ្រួសារ​ ​បាន​និង​កំពុង​ប្រើប្រាស់​ឥណទាន​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ ​នៅ​កម្ពុជា​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​។​ ​

​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ខេ​ត្ដ​ព្រៃវែង​កន្លងមក​ ​លោក​ ​គិត​ ​សុ​វណ្ណា​រិទ្ធ​ ​អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ថា​ ​មក​ត្រឹម​ដំណាច់ឆ្នាំ២១០៨កន្ល​មមក​នេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២លាន​គ្រួសារ​បាន​ទទួល​ ​សេវា​ហិ​រញ្ញ​វត្ដុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ដូចជា​ ​សេវា​កម្ចី​ ​សេវា​សន្សំ​ ​សេវា​ផ្ទេរ​ប្រាក់​ ​និង​ទូទាត់​ជាដើម​។​

​ជាក់ស្ដែង​វិស័យ​នេះ​ ​បាន​ផ្ដល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ​ជាង៥,៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ទទួល​ប្រាក់សន្សំ​ច្រើនជាង២.០០០លាន​ដុល្លារ​ ​តាម​ការិយាល័យ​តំណាង​ជិត១.៤០០កន្លែង​ ​និង​មាន​បុគ្គលិក​បម្រើការ​ងារ​សរុប​ប្រមាណ៣០.០០០នាក់​ ​នៅ​ទូទាំង​ប្រទេស២៥រាជធានី​ ​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​លោក​បាន​លើកឡើង​បញ្ហា​ពាក់​ព័ន្​ឋ​មួយចំនួន​ ​ដែល​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ ​បាន​យកការប្រាក់​លើស១៨ភាគរយ​ពី​ប្រជាពលរដ្ឋ​ ​ហើយ​ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ ​លោក​បាន​ស្នើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​សូម​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ​និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ប្រភព​ស្របច្បាប់​នៃ​ការខ្ចី​ប្រាក់​ ​ការប្រើ​ប្រាស់​ប្រាក់កម្ចី​ឱ្យ​ចំ​គោលដៅ​ ​និង​ការគោរព​តាម​ ​កាតព្វកិច្ច​សង​ប្រាក់កម្ចី​។​ ​

​លោក​បន្ត​ថា​ ​ទន្ទឹម​នេះ​អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​ដើម្បី​ ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក​ការឃោសនា​ ​របស់​ជនខិលខូច​ដែល​បាន​កំពុង​ធ្វើសកម្មភាព​ ​ផ្ដល់​សេវា​ប្រាក់កម្ចី​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​ ​

​លោក​ឧកញ៉ា​ ​ហួត​ ​អៀង​តុង​ ​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​សុខភាព​ក្នុង​ប្រព័​ន្ឋ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​កាលពី​ឆ្នាំមុន​ ​ដោយ​អត្រា​កម្ចី​សង​ត្រលប់​យឺត​មានការ​ថយ​ចុះ​មក​ក្រោម១ភាគរយ​ ​ទន្ទឹម​នឹង​កំនើន​ឥណទាន​ ​និង​ការ​ដាក់​ប្រាក់​បញ្ញើ​រមា​នកា​រកើន​ឡើង​ក្នុង​វិស័យ​នេះ​។​

​លោក​បន្ត​ថា​ ​សំរាប់​ឆ្នាំ២០១៩នេះ​ ​លោក​គិតថា​វិស័យ​នេះ​នៅតែ​មា​នកំនើន​ល្អ​ប្រសើរ​ ​ដោយសារ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ​ពិសេស​ស្ថេរ​ភាព​នយោបាយ​ ​និង​សកម្មភាព​អាជីវកម្ម​នានា​បាន​និង​កំពុង​កើនឡើង​ ​ហើយ​មាន​ភាព​រីកចម្រើន​ជា​វិជ្ជមាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here