ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសទីម័រខាងកើត ឬ Timor Leste មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសដែនកោះតូចមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមគ្នានេះ ប្រទេសទីម័រខាងកើត កំពុងក្លាយទៅជាប្រធានបទមួយសម្រាប់កិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងរបៀបវារៈនៃការរៀបចំព្រឹត្តិ ការណ៍កិច្ចប្រជុំកំពូលអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
-->
រដ្ឋធានីរបស់ប្រទេសនេះ មានឈ្មោះថា “ឌីលី (Dili)”។ ប្រទេសទីម័រខាងកើត មានព្រំដែនជាប់ឥណ្ឌូណេស៊ី ប្រវែង២២៨គីឡូម៉ែត្រ និងមានឆ្នេរសមុទ្រ ប្រវែង៧០៦គីឡូម៉ែត្រ ហើយប្រជាជនទីម័រខាងកើតភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។
ប្រទេសទីម័រខាងកើត គឺជាអ្នកជួយគាំទ្រយ៉ាងខ្លាំងក្លា និងដ៏សកម្មមួយ ក្នុងទីផ្សាររបស់តំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋសរុបចំនួនជាង៦០០លាននាក់ និងមានទំហំGDP ចំនួន៣ទ្រីលានដុល្លារអាមេរិក។

តំបន់អាស៊ាន គឺជាប្រភពនាំចូលទំនិញធំជាងគេបំផុត ចូលមកកាន់ប្រទេសទីម័រ ដែលក្នុងនោះ រួមមានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទសថៃ និងប្រទេសវៀតណាម ដែលជាប្រទេសនាំមុខគេ។
គិតត្រឹមតែប្រទេសសិង្ហបុរី លំហូរវិនិយោគផ្ទាល់ពីបរទេសសរុប ដែលទីម័រទទួលបាន មានទំហំទឹកប្រាក់ចំនួន២១ពាន់លានដុល្លារ ខណៈដែលឥណ្ឌូនេស៊ី បានបោះទុនវិនិយោគ ទៅលើគម្រោងសរុបចំនួន១៨រួចមកហើយ ដែលមានតម្លៃសរុបប្រមាណ១,២ពាន់លានដុល្លារ។
ប្រទេសទីម័រខាងកើត មានទីតាំងស្ថិតនៅក្នុងដែនកោះ Timor ឬ Island of Timor មានផ្ទៃដីប្រមាណ១៥.០០៦គីឡូម៉ែត្រការ៉េ និងមានចំនួនពលរដ្ឋរស់នៅសរុប ប្រមាណជាង១,៣៤លាននាក់គិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយធនាគារពិភពលោក។

រូបិយវត្ថុផ្លូវការរបស់ប្រទេសនេះ គឺជាប្រាក់ដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២១ ទីម័រខាងកើតសម្រេចបានផលទុនជាតិសរុប(GDP) ក្នុងទំហំទឹកប្រាក់ប្រមាណ១.៩៥៩លានដុល្លារអាមេរិក។ ចំណែកឯ ភាសាប្រើប្រាស់ជាផ្លូវការ របស់ប្រទេសដ៏តូចមួយនេះ គឺភាសាប៉ទុយហ្គាល។
បើក្រឡេកមកមើល ពីវិស័យសេដ្ឋកិច្ចរបស់ទីម័រខាងកើត គេសង្កេតឃើញថា ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសក្នុងវិស័យសំណង់ និងការលក់ដុំ និងលក់រាយទំនិញ កំពុងមានសន្ទុះកើនឡើង។
សហគ្រាសធុនតូច និងមធ្យមភាគច្រើន បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីឌីលី (Dili) ដែលបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសព័រប្រទេសព័រទុយហ្កាល់កាលពីឆ្នាំ២០០២។ ជាមួយគ្នានេះ ការសាងសង់អគារ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងតែបន្តរីកចម្រើនជាបន្តបន្ទាប់។

មិនខុសពីប្រទេសផ្សេងៗឡើយ រដ្ឋធានី ឌីលី របស់ប្រទេសទីម័រខាងកើត មានភាពស៊ីវិល័យ និងសកម្មភាពសេដ្ឋកិច្ចរស់រវើកដូចជាសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ទំនិញ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ប៉ុន្តែទោះជាយ៉ាងណាក្តី ទីប្រជុំជននិងភូមិបែបប្រពៃណី នៅតាមបណ្ដាស្រុកជុំវិញរដ្ឋធានី ទទួលបានការអភិវឌ្ឍន៍តិចតួចណាស់ លើកលែងតែការជួសជុលកែលម្អផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីប៉ុណ្ណោះ។ ចំណែក ប្រជាជនដែលរស់នៅតំបន់ជនបទ នៅតែបន្តប្រកបមុខរបរនេសាទត្រី អាស្រ័យអនុផលព្រៃឈើ និងធ្វើកសិកម្មទ្រង់ទ្រាយតូច។
បច្ចុប្បន្ន សេដ្ឋកិច្ចប្រទេសទីម័រខាងកើត ពឹងផ្អែកស្ទើរតែទាំងស្រុងលើធនធានរ៉ែប្រេងពីសមុទ្រទីម័រ (Timor Sea) ដែលគ្របដណ្ដប់ចំណែក៨០ភាគរយ នៃផលទុនជាតិសរុប (GDP)។
ប្រាក់ចំណូល ដែលទទួលបានពីធនធានប្រេង បានជួយឱ្យប្រទេសដ៏តូចនេះ មានលទ្ធភាពវិនិយោគយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅលើសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងបណ្ដាញអគ្គិសនី។
នៅក្នុងប្រទេសទីម័រខាងកើត សេដ្ឋកិច្ចក្រៅពីប្រេងគ្របដណ្ដប់ត្រឹមតែ២១ភាគរយប៉ុណ្ណោះ នៃផលទុនជាតិសរុប(GDP)។ វិស័យកសិកម្ម ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដោយបង្កើតការងារដល់ប្រជាជនជាង៥០ភាគរយ។
ដោយសារតែប្រទេសទីម័រខាងកើត មានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ទេសចរណ៍វប្បធម៌ និងបេតិកភ័ណ្ឌ ដូច្នេះ វិស័យទេសចរណ៍នឹងក្លាយជាវិស័យដ៏សំខាន់មួយ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទីម័រ នាពេលអនាគត។ នេះជាគោលដៅមួយ ដែលទីម័រត្រូវសម្រេចឱ្យបាន តាមរយៈការផ្ដោតលើបេតិកភណ្ឌវប្បធម៌ ដំណើរកម្សាន្តបែបផ្សងព្រេង និងបទពិសោធន៍ទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ ការកែលម្អផលិតកម្មពីវិស័យកសិកម្ម និងនេសាទក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងផងដែរ ព្រោះវាធានាធ្វើឱ្យប្រទេសនេះ មានសន្តិសុខស្បៀង និងកាត់បន្ថយការនាំចូល។
ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ(GDP per Capita) ចំនួន២.៤០៦ដុល្លារក្នុងមួយឆ្នាំ។
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត នឹងសម្រេចបានកំណើនក្នុងរង្វង់៣,៣ភាគរយ នៅឆ្នាំ២០២៤នេះ៕