ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងឱ្យដឹងថា នៅឆ្នាំ២០១៨ផ្ទៃដីដាំដុះកៅស៊ូសរុបនៅកម្ពុជា បានកើនដល់ជាង៤៣៦ពាន់ហិកតា ខណៈតម្លៃកៅស៊ូនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលរួមសន្និបាតស្ដីពី លទ្ធផលវិនិយោគដាំដំណាំកសិឧស្សាហកម្មរបស់ក្រុមហ៊ុនជាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩កន្លងមក លោកវេង សាខុនបានថ្លែងថា ផ្ទៃដីដាំដុះកៅស៊ូសរុបនៅកម្ពុជាបានកើនពីជាង ៣៥៨ពាន់ហិកតានៅឆ្នាំ ២០១៤ ដល់ជាង៤៣៦ពាន់ហិកតា នៅឆ្នាំ ២០១៨ កើនឡើងប្រមាណ២២ភាគរយ ក្នុងនោះផលិតផលកៅស៊ូសរុបបានកើនពី ៩៧ពាន់តោននៅឆ្នាំ២០១៤ ដល់២២០ពាន់តោននៅឆ្នាំ២០១៨ កើនប្រមាណ ១២៧ភាគរយ។
លោកបន្តថា “ការនាំចេញកៅស៊ូបានកើនឡើងពី១០០ពាន់តោននៅឆ្នាំ ២០១៤ ដល់ជាង ២១៧ពាន់តោននៅឆ្នាំ២០១៨ គឺមានការកើនឡើងរហូតដល់១១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៤”។ “រចនាសម្ព័ន្ធផលិតកម្មកៅស៊ូនៅឆ្នាំ២០១៨ គឺចំការកៅស៊ូកសិឧស្សាហកម្មមានចំនួន៥០ពាន់ហិកតា ស្មើនឹង ១២ភាគរយ នៃផ្ទៃដីកៅស៊ូសរុប។
ចំការកៅស៊ូដីសម្បទានសេដ្ឋកិច្ចមានប្រមាណ ២៤៤,៥ពាន់ហិកតា ស្មើនឹង ៥២ភាគរយ និងកៅស៊ូគ្រួសារមានចំនួន ១៦១ពាន់ហិកតា ស្មើនឹង៣៦ភាគរយ”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទូទាំងប្រទេស ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តការអនុញ្ញាតឱ្យវិនិយោគលើវិស័យកសិកម្មមានចំនួនសរុប ២២៩គម្រោង លើផ្ទៃដីចំនួនជាង១លានហិកតា និងមានផ្ទៃដីអាចធ្វើអាជីវកម្មបានចំនួនជាង ៩៥១ ពាន់ហិកតា ស្ថិតក្នុងខេត្តចំនួន ១៩៕






