ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរអ្នកវិនិយោគ និងកិច្ចសហប្របត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួលទៅដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។
-->
អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី តែងតែនាំមកវិញនៅការវិនិយោគ ដូចគ្នាទៅនឹងដំណើរទៅទស្សនកិច្ច ទៅម៉ាឡេស៊ីយ៉ាងដូច្នេះដែរ។ លោកបណ្ឌិតជឿជាក់ថា នឹងអាចប្រមូលបានអ្នកវិនិយោគ អភិវឌ្ឍន៍លើវិស័យការងារ និងកិច្ចសហការផ្សេងៗទាក់ទងនឹងការផ្លាស់ប្តូរ លើវិស័យការងាររវាងកម្ពុជា និងម៉ាឡេស៊ីជាដើម ពីព្រោះកម្ពុជាក៏មានពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះយ៉ាងច្រើនផងដែរ។

លោកបណ្ឌិតយង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏អាចពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដែលមានទំនាក់ទំនងល្អ លើវិស័យការងារជាមួយកម្ពុជា លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ផងដែរ ពីព្រោះប្រទេសម៉ាឡេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ច រីកចំរើននៅក្នុងតំបន់ និងមានពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសម៉ាឡេស៊ីផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតថា ទំនាក់ទំនងរវាងកម្ពុជា-ប្រទេសម៉ាឡេស៊ី ក៏កំពុងនៅលើវិថីមួយល្អជាងពេលណាៗ ទាំងអស់ផងដែរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និងបច្ចុប្បន្នអាចតែងមានភាពស្វាហាប់ លើការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងតែងតែក្តោបឱកាស នៃទំនាក់ទំនងល្អនេះមកដើម្បីកៀរគរអ្នកវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសប្រមាណ១,៣លាននាក់ ក្នុងនោះពលករខ្មែរនៅប្រទេសម៉ាឡេស៊ី មានចំនួនជាង២២០០នាក់៕