រដ្ឋាភិបាលចំណាយ៥៤៣លានដុល្លារសំរាប់ថវិកាថ្នាក់ក្រោមជាតិ

0

​ដោយគង់ សូរិយា
​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងថា នៅឆ្នាំ២០១៩នេះ​រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់៥៤៣លានដុល្លារអាមេរិក សម្រាប់ថ្នាក់ក្រោមជាតិដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី៣ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកថា សម្រាប់ ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលគ្រោង ចំណាយថវិកាសរុបចំនួនប្រមាណ៥៤៣លានដុល្លាអាមេរិក និងថវិការចូលរួមចំណែកពីដៃគូអភិវឌ្ឍមានចំនួន៤៤ លានដុល្លាអាមេរិក ក្នុងនោះកើនឡើងប្រមាណ១២៧លានដុល្លាអាមេរិកធៀបនឹងឆ្នាំមុន។
លោកបន្តថា “កំនើននៃការចំណាយនេះ ដោយសាកំណើនសេដ្ឋកិច្ចជាតិការបង្កើ​នអត្រាចូលរួមរបស់ថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ/សង្កាត់ និងមូលនិធិ ក្រុង/ស្រុក និងការបង្កើនឲ្យមានប្រភពចំណូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”។

លោកបន្តថា “ទោះជាយ៉ាងណាចំនួនថវិការនេះនៅមិនទាន់គិតបញ្ចូល នូវថវិកាដែលត្រូវផ្ទេដែលមានលក្ខខ័ណ្ឌ សម្រាប់អនុវត្តន៍មុខងារនានារបស់ក្រសួងមួយចំនួន ដែលបានសម្រេចចិត្តផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ”។

លោកបន្តថា មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាយន្តការថ្មីមួយ សម្រា​ប់ផ្តល់ប្រភពធនធានបន្ថែមលើ ប្រភពធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោ​មជាតិ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ក្រោមជាតិដោ​យ​ផ្តល់ហិរញ្ញប្បទាន ទៅដល់គម្រោងវិនិយោគសាធារណៈ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលក្ខណៈយុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើ​ម្បីលើកកម្ពស់ការបំពេញភារកិច្ច និងគ្រប់គ្រងការវិនិយោគសាធារណៈឲ្យកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here