ដោយនៅ វឌ្ឈនា
សៀមរាបៈ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុនបានចុះហត្ថលេខាលើពិធីសារទី១ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ដំណាលគ្នាជាមួយអន្តរកិច្ចប្រជុំរដ្ឋមន្រ្តីលើកទី៧ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅទីក្រុងសៀមរាប។

ពិធីសារទី១ ត្រូវបានចុះហត្ថលេខាដោយលោកថារ៉ូ កូណូ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានដាក់បញ្ចូក្នុងកិច្ចព្រមព្រៀងAJCEP ដើម្បីធ្វើឱ្យជំពូកទាំងអស់ស្តីពី ពាណិជ្ជកម្មសេវាកម្ម កាន់តែមានភាពទូលំទូលាយ សម្រួលដល់ការបំលាស់ទីរូបវ័ន្តបុគ្គល និងវិនិយោគព្រមទាំងកំណត់គោលដៅសំខាន់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា ការដាក់បញ្ចូលគ្នានូវជំពូកទាំងអស់នេះ នឹងបម្រើជាកាតាលីករ ដើម្បីធ្វើពង្រឹងនិងពង្រីកពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ សំដៅកែប្រែភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងជប៉ុនទៅជាការលើកកម្ពស់ និងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីភាគខាងកើត។







