ការសិក្សា៖ រាជធានីភ្នំពេញនឹងមានមនុស្សរស់នៅ ៤,៥លាននាក់នៅឆ្នាំ២០២៥

1

​ដោយគង់ សូរិយា
​ភ្នំពេញ៖​ ខណៈការធ្វើចំណាកស្រុកពីជនបទ មកកាន់រាជធានីភ្នំពេញកាន់តែផុសផុល ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាន​នាក់នៅឆ្នាំ២០២៥ខាងមុខនេះ។


​ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា កំនើនប្រជាសា​ស្រ្តនេះបានកើតឡើងជាធម្មតា សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ដោយ​សារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រជាជនចំណាកស្រុក និងការស្វែងរកឳកាសរីកចម្រើននៃប្រជាពលរដ្ឋវ័យក្មេង។​

ការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋរស់នៅ​ក្រុងភ្នំពេញ នឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូដោយសារកត្តាមួយចំនួនដូចជា ការកកស្ទះ​ចរាចរណ៍ កំនើនតម្លៃដីធ្លី​និងលំនៅដ្ឋាន និងប្រព័ន្ឋបច្ចេកវិទ្យារីកចម្រើន ដែលផ្តល់គុណភាពជីវិតកាន់តែប្រសើរឡើង។

ជាមួយគ្នានេះការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន​រកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើងដល់​ចំនួន៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ហើយតម្រូវការលំនៅដ្ឋាននឹងកើនដល់ប្រមា​ណ១លានខ្នងផងដែរ នៅឆ្នាំដដែលនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមា​ន​ប្រសាសន៍ថា ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ មានជាង ២០០០នាក់ប៉ុណ្ណោះក្នុងមួយ​គីឡូម៉ែត្រការ៉េ ប៉ុន្តែការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍មានភាពរញ៉េរញ៉ៃខ្លាំង ដែលបញ្ហានេះ គួរតែមានការអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការធ្វើចរាចរណ៍ រឹត​បន្តឹងការអនុវត្តច្បាប់ និងគួរតែមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវនានា។


អ្នកនាងបន្តថា “ទីក្រុងបាងកកប្រទេសថៃ ទីក្រុងហូ ជីម៉ិញ ទីក្រុងហ្សាការតាមាន​មនុស្សរស់នៅចន្លោះ៤០០០ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែសណ្តាប់ធ្នាប់និងការធ្វើចរាចរក្នុងទីក្រុងមិនមានភាពរញ៉េរញ៉ៃនោះឡើយ”៕

1 COMMENT

  1. កុំបន្ទោសអ្នកបើកបរ នេះមកពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទីក្រុងវាតូចចង្អៀតគួបផ្សំដែរ ហើយគ្មានមធ្យោបាយណាជំនួសក្រៅពីផ្លូវដ៏ចង្អៀតនេះបានឡើយ។ ទីក្រុងស្រុកគេមានផ្លូវធំទូលាយ ផ្លូវលើផ្លូវក្រោម រថភ្លើងលើអាកាស… ចុះយើងមានស្អី គ្រាន់តែរង្វង់មូលសួនច្បារសាធារណៈ ក៏នាំគ្នាកែច្នៃកាត់លក់ឲ្យឯកជនអស់ដែរ ហើយសង់អាគាររំលោភយកទាំងចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិខ្លួនទៀត និងថែមទាំងមិនអនុញ្ញាតឲ្យសាធារណជនចតយានជំនិះរបស់ពួកគាត់នៅទីនោះទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here