ដោយ រ៉ាវី
ភ្នំពេញ៖ RCEP គឺជាទីផ្សារតំបន់ដ៏ធំបំផុត ដែលវាគឺជាជម្រើសពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយនឹងសមាជិកក្នុងតំបន់ទាំងអស់ ខណៈដែលទីផ្សារមួយនេះ មានកម្លាំងបញ្ជាទិញរហូតដល់ប្រមាណជាង ៣.៦ពាន់លាននាក់ ស្មើនឹងប្រជាជនពាក់កណ្តាលរបស់ពិភពលោក។
នៅក្នុងអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ នៅក្រុងសៀមរាប ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានការចូលរួម ពីប្រតិភូចំនួនជាង២០០នាក់មកពីប្រទេស១៦ ក្នុងនោះមានអាស៊ានទាំង១០ និងមហាអំណាចសេដ្ឋកិច្ចទាំង៦ដូចជាចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី នូវ៉េហ្សេឡង់ និងកូរ៉េខាងត្បូង។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំខាងលើនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា ទីផ្សារប្រទេស RCEP គឺមានសក្តានុពលធំធេងធំជាងទីផ្សារអឺរ៉ុប និងអាមេរិកឆ្ងាយណាស់ ដែលវាជាជម្រើសសម្រាប់ផលិតផលកម្ពុជា ខណៈដែលកម្ពុជាគឺជាសមាជិកនៃទីផ្សារតំបន់មួយនេះ។ លោកបានបញ្ជាក់ទៀតថា គ្រប់សមាសភាពតំណាងប្រទេសទាំងអស់ដែលបានចូលរួមសុទ្ធតែមានសុទ្ធិដ្ឋិនិយមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង១៦នេះ (RCEP) ជាខ្លាំង ហើយនឹងត្រូវចុះហត្ថលេខានៅចុងឆ្នាំ២០១៩នេះ នៅប្រទេសថៃ ខណៈដែលប្រទេសថៃធ្វើជាប្រធានអាស៊ានប្តូរវេន។
-->
លោកថា ជាមួយនឹងវិលាភាពដ៏ធំធេងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ផងដែរថា កម្ពុជានឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចសន្ធឹកសន្ធាប់និងការវិនិយោគដ៏ច្រើនមហិមាដែលនឹងនាំឱ្យពលរដ្ឋមានកិច្ចការងារធ្វើហើយមានតម្លៃពលកម្មខ្ពស់ថែមទៀតផង។
មួយវិញទៀត កិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរីក្នុងតំបន់នេះ គឺជាជម្រើសទីផ្សារមួយដ៏ធំសម្រាប់កម្ពុជាក្នុងការនាំចេញ ហើយនេះគឺជាយុទ្ធសាស្ត្រពង្រីកទីផ្សារបស់កម្ពុជាផងដែរ។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា បានលើកឡើងថា ការចូលរួមរបស់កម្ពុជាក្នុងនាមជាសមាជិករបស់ទីផ្សារ RCEP វាគឺជារឿងមួយដែលល្អរបស់កម្ពុជា ប៉ុន្តែវាអាចក្នុងរយៈពេលយូរបន្តិច។ កម្ពុជា ជាប្រទេសដែលមានទំហំទីផ្សារតូច ដូច្នេះជាទូទៅប្រទេសធំៗមួយចំនួនតែងត្រូវបានមើលរំលង។ ឧទាហរណ៍ ប្រសិនបើគេធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលមានចំនួនប្រជាជនច្រើន ឬប្រទេសដែលមានមានដំណើរការអភិវឌ្ឍផ្សេងៗ ដូចជាប្រទេសវៀតណាម ដែលជាប្រទេសជិតខាងយើង គឺអាចស្មើនឹងគេធ្វើពាណិជ្ជកម្មជាមួយកម្ពុជាប្រមាណ៥ដងឯណោះ ។ ប៉ុន្តែបើនិយាយថាវាជាឱកាសល្អទេសម្រាប់កម្ពុជា ដែលចូលជាសមាជិកនៅក្នុងទីផ្សារដ៏មួយនេះ ខ្ញុំនៅតែអះអាងថា វាជារឿងល្អ និងជាឱកាសមួយដែលកម្ពុជាត្រូវតែចាប់យក និងព្យាយាមបង្កើនសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងចង្កោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចល្អប្រសើរ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីរវាងប្រទេសក្នុងតំបន់ទាំង១៦ដើម្បីបង្កើតឱ្យមានលំហូរពាណិជ្ជកម្មដោយគ្មានរបាំងពន្ធគយ ពង្រឹងវិស័យសេដ្ឋកិច្ចតាមរយៈការធ្វើពាណិជ្ជកម្ម ការទាក់ទាញវិនិយោគបរទេស និងដើម្បីជួយបំពេញគម្លាតសេដ្ឋកិច្ចរវាងប្រទេសមានការលូតលាស់តិចតួច និងប្រទេសអភិវឌ្ឍន៍៕