ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឱ្យដឹងថា ចំណូលចរន្តថវិកាជាតិ បានកើនឡើងដល់ជាង ៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ខណៈដែលចំណាយថវិកាជាតិ បានកើនឡើងពីប្រមាណតែ ៥០០លានដុល្លារ រហូតដល់ប្រមាណជាង ៦ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នា។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានមានប្រសាសន៍ឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Manfred Grund ប្រធាននៃគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩កន្លងមកថា គិតត្រឹមឆ្នាំ២០០០ កម្ពុជាពុំធ្លាប់មានអតិរេកថវិកាចរន្ត និងប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវអតិរេកថវិកាចរន្តក្នុងរង្វង់ប្រមាណ៣ភាគរយនៃផលទុនជាតិសរុប (បសស) និងមានប្រាក់សន្សំរបស់រាជរដ្ឋាភិបាលប្រមាណជាង ១៤ភាគរយ (នៃផសស) ក្នុងឆ្នាំ ២០១៨។
លោកបន្តថា ជាក់ស្តែងចំណូលចរន្តថវិកាជាតិ បានកើនឡើងពីប្រមាណតែជាង ៣០០លានដុល្លារ ឬប្រមាណ ១០% នៃផសសក្នុងឆ្នាំ២០០០ ឡើងដល់ជាង៥០០០ លានដុល្លារអាមេរិក ឬប្រមាណជាង ២០% នៃផសសក្នុងឆ្នាំ ២០១៨។
-->
លោក វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលបានចំណាយលើវិស័យអប់រំបានកើនឡើង៣,២ដង ចំណាយវិស័យសុខាភិបាលកើនឡើង ២,៥ដង និងវិស័យកសិកម្មកើនឡើង៣ដង ព្រមទាំងចំណាយវិនិយោគសាធារណៈ ដែលផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទកើនឡើង២,៥ដងផងដែរ។
ជាមួយគ្នានេះ កម្រិតនៃបំណុលសាធារណៈរបស់កម្ពុជានៅបន្តមានអនុបាតទាបបំផុតនៅក្នុងតំបន់។ ដូច្នេះសមិទ្ធផលទាំងឡាយដែលសម្រេចបានមកនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែយើងក៏នៅមិនទាន់ស្កប់ស្កលនោះដែរ ព្រោះសមិទ្ធផលទាំងនេះនៅផុសស្រួយនៅឡើយ ដូចនេះទាមទារឱ្យយើងត្រូវបន្តប្រឹងប្រែងថែមទៀតនៅលើផ្លូវត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចំណុចខ្សោយទាំងឡាយ។
លោក Manfred Grund ប្រធាននៃគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់បានមានប្រសាសន៍ថា ភាគីអាល្លឺម៉ង់នឹងជួយគាំទ្រដល់កម្ពុជាបន្តទៀត ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាល្លឺម៉ង់អាចមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈប្រទេសកម្ពុជាមានសក្តានុពលច្រើន ក្នុងការក្លាយខ្លួនជាផ្នែកមួយ នៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់។
លោកបន្តថា មុនពេលរូបលោកមកដល់ទីនេះ លោកមិនទាន់បានដឹងតែនៅពេលដែលលោកមកដល់កម្ពុជា លោកបានមើលឃើញពីការស្ថានភាពជាក់ស្តែងដែលបញ្ជាក់ថា កម្ពុជាកំពុងមានការកែប្រែ និងកំពុងតែធ្វើដំណើរទៅមុខ៕