ដោយ ៖ គង់ សូរិយា
ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ខណៈបច្ចុប្បន្នភាគីទាំងពីរមានច្រកអន្ដរជាតិរួមគ្នាមួយតែប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

-->
លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែមីនា ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោក Vilay Lakhamephong រដ្ឋមន្រ្តីក្រសួងសន្តិសុខនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា ៖ ច្រកទ្វារព្រំដែនអន្ដរជាតិថ្មី ដែលភាគីទាំងពីរ កំពុងសិក្សារួមគ្នាដើម្បីបើកនេះគឺនៅខេត្តរតនគិរី ឬនៅខេត្តស្ទឹងត្រែង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា ក្រៅពីឯកភាពគ្នារឿងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរលើការបង្ការបង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋផ្សេងៗ ដោយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនបញ្ហាទាំងនោះមកគ្រប់ដណ្ដប់លើប្រជាជននៃប្រទេសទាំងពីរទៀតនោះឡើយ។
លោក ផាត សុផានិត បានថ្លែងដោយស្រងសម្តីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប្រាប់អ្នកសារព័ត៌មានទៀតថាភាគីទាំងពីរនៅតែបន្ដសន្យាជាមួយគ្នា ខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយ ក្នុងន័យរក្សាសុវត្ថិភាពជូនជាតិ និងប្រជាជនផងដែរ។ជាងនេះទៅទៀតអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ក៏នៅតែបន្ដរក្សាកិច្ចសហប្រតិបត្តិការល្អប្រសើរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ផ្លាស់ប្ដូរគណៈប្រតិភូ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ ពិសេសអនុវត្តទៅតាមអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងកំណត់ហេតុដែលបានចុះហត្ថលេខារួចរាល់ហើយនេះ៕