ដោយ វុត្ថា
កំពត៖ តាមរយៈលំហូរចូលនៃអ្នកវិនិយោគចម្រុះជាតិសាសន៍ក្នុងឆ្នាំនេះ នឹងធ្វើឱ្យខេត្តកំពតរីកចម្រើនយ៉ាង គំហុកចាប់ពីឆ្នាំ២០២០ ខាងមុខ។ សមិទ្ធផលដែលផ្តើមលេចធ្លោគឺសំណង់អគារតូចធំព្រោះជាតម្រូវការចាំបាច់សម្រាប់ដំណើរការគ្រប់វិស័យ។
លោក ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ថ្មីៗនេះមានអ្នកវិនិយោគទុនចម្រុះជាតិសាសន៍ ដូចជា កូរ៉េ ចិន ជប៉ុន ថៃបានចូលមកពិភាក្សាដើម្បីចាប់ដៃរកស៊ី និងចូលរួមអភិវឌ្ឍ។ ជាការរំពឹងទុក ចាប់ពីឆ្នាំ២០២០ ស្ថានភាពក្នុងខេត្តកំពតនឹងប្រែប្រួលដ៏គំហុកតាមរយៈសំណង់អគារតូចធំដែលជាតម្រូវការចាំបាច់នឹងលេចឡើងបន្តបន្ទាប់សម្រាប់ដំណើរការលើវិស័យនានា។
លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នការសាងសង់អគារផ្ទះល្វែងរបស់ប្រជាពលរដ្ឋកំពុងកើតមានយ៉ាងរស់រវើក ពិសេសក្នុងក្រុងកំពត។ ជាមួយសកម្មភាពទាំងនោះក៏មានភាពអនាធិបតេយ្យកើតឡើង ដោយសំណង់ខ្លះបានបំពានលើដីចំណីព្រែកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ត្រង់ចំណុចនេះមិនសម្រាប់តែក្រុងកំពតទេ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការបង្ការទប់ស្កាត់ចំពោះករណីទន្រ្ទានយកដីព្រែក ការកាយភ្នំជាដើម។






