ដោយ វុត្ថា
កំពង់ស្ពឺ៖ ក្រសួងរ៉ែ និងថាមពល បានចាត់វិធានការក្ដៅចំពោះក្រុមហ៊ុនរ៉ែចំនួន ៦ បានបំពានច្បាប់ ហើយក្រសួងបានសម្រេចលុបអាជ្ញាបណ្ណរបស់ពួកគេ។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំក្រុមការងារអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពលចុះពិនិត្យតាមដានសកម្មភាពប្រកបអាជីវកម្មរ៉ែថ្ម និងខ្សាច់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានរកឃើញថាក្រុមហ៊ុនចំនួន០៦ (ក្រុមហ៊ុនរ៉ែថ្មសំណង់ចំនួន០២ ក្រុមហ៊ុនខ្សាច់បកចំនួន០១ និងក្រុមហ៊ុនខ្សាច់ស្ទឹងចំនួន០៣) ពុំបានគោរពតាមស្មារតីនៃអង្គប្រជុំណែនាំ ពិសេសសារាចរណែនាំរបស់ក្រសួងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដូច្នេះក្រសួងបានសម្រេចព្យួរអាជ្ញាបណ្ណរយៈពេល១ សបា្តហ៍ជាការព្រមាន និងអាចឈានដល់ការបញ្ចប់អាជ្ញាប័ណ្ណតែម្តងក្នុងករណីមិនរាងចាល។
គួរបញ្ជាក់ផងដែរថា មុននឹងសម្រេចដល់ការព្យួរអាជ្ញាបណ្ណនេះ ក្រុមការងារអធិការកិច្ចក្រសួងធ្លាប់បានបើកកិច្ចប្រជុំណែនាំដល់ក្រុមហ៊ុនទាំងអស់រួចម្តងហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ រួមជាមួយនឹងការប្រជុំម្តងទៀតជាមួយ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ ២០១៩ កន្លងទៅនេះ៕