កម្ពុជា វៀតណាម ឡាវ រួមគ្នាបើកពិព័រណ៍នៅតំបន់ត្រីកោណអភិវឌ្ឍ

0

ដោយ : គង់ សូរិយា
ក្រចេះ : ប្រទេសកម្ពុជា វៀតណាម ឡាវបានរៀបចំពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០១៩ រួមគ្នាជាលើកដំបូងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី។


រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា ដែលអញ្ជើញជាអធិបតីក្នុងពិធីនោះដែលបានប្រារពធ្វើនាព្រឹកថ្ងៃទី៧ មិនាកន្លងមកថា ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង៣កំពុងបានយកចិត្តទុកដាក់ និងជំរុញសកម្មភាពពាក់ព័ន្ធទាំងឡាយក្នុងវិស័យសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ ឲ្យមានការរីកចម្រើនក្នុងបំណងបម្រើផលប្រយោជន៍ប្រជាជន និងលើកកម្ពស់ជីវភាពប្រជាជន ក្នុងតំបន់ត្រីកោណនេះឲ្យកាន់តែល្អប្រសើរ។


លោកបន្តថា គណៈកម្មាធិការសម្របសម្រួលចម្រុះតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានធ្វើការប្រជុំជាច្រើនលើក ដែលក្នុងកិច្ចប្រជុំទាំងនោះមានគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រជាច្រើន ក្នុងការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលក្នុងនោះប្រធានបទសំខាន់បំផុត គឺការលើកឡើងនូវសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ហើយពិព័រណ៍ពាណិជ្ជកម្ម គឺជាចំណែកមួយនៃការទ្រទ្រង់ ឲ្យសកម្មភាពទាំងនោះទទួលបានលទ្ធផលជាផ្លែផ្កា។ អាស្រ័យហេតុនេះហើយ ទើបរាល់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម តែងតែមានការភ្ជាប់នូវរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម។

លោក ឈួន តារា បានចាត់ទុកពិព័រណ៍ពាណិជ្ជកម្មនេះ ជាវេទិកាពាណិជ្ជកម្មមួយដ៏មានសារៈសំខាន់ សម្រាប់ឲ្យបងប្អូនពាណិជ្ជករអាចសិក្សាស្វែងយល់ ពិភាក្សាគ្នា និងផ្លាស់ប្តូរគំនិត ទៅវិញទៅមកក្នុងប្រយោជន៍បង្កើតដៃគូពាណិជ្ជកម្មផង និងប្រយោជន៍ចែករំលែកបទពិសោធន៍ ឈានទៅបង្កើតផលិតផលថ្មីៗ ដែលមានគុណភាពខ្ពស់ តម្លៃអាចប្រកួតប្រជែងបាន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនាពេលអនាគត។ ក្នុងន័យនេះ ឯកឧត្តម ក៏បានជំរុញឲ្យអាជីវករពាណិជ្ជករទាំងអស់ ប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីបង្កើតទំនាក់ទំនងរកស៊ីជាមួយគ្នាមានលក្ខណៈយូរអង្វែង។

ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្ដាផលិតករ អាជីវករ អង្គការ សមាគមនានា ដែលបាននឹងកំពុងផលិតនូវផលិតផលខ្មែរ សម្រាប់ចែកចាយនៅទូទាំងកម្ពុជា និងពាណិជ្ជករមកពីប្រទេសឡាវ និងវៀតណាម និងមានស្ដង់សរុបចំនួន២១៥ស្ដង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here