បណ្តាប្រទេសអាស៊ានទាំង១០នឹងទទួលបានអត្ថប្រយោជន៍កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចតម្លៃ៣១លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអង់គ្លេស និងអាស៊ាន បានបើកដំណើរការកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន -ចក្រភពអង់គ្លេស (EIP) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

គំនិតផ្តួចផ្តើមរយៈពេល៤ឆ្នាំ ដែលមានតម្លៃ៣១,៣៣លានដុល្លារនេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច នៅទូទាំងតំបន់ តាមរយៈការដោះស្រាយឧបសគ្គ នៃការអភិវឌ្ឍន៍នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងមូល។

កម្មវិធី EIP គឺជាគំនិតផ្តួចផ្តើមមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមាហរណកម្ម សេដ្ឋកិច្ចរបស់តំបន់អាស៊ាន។ កម្មវិធីនេះនឹងផ្តល់ការគាំទ្រ ជាគោលដៅដល់រដ្ឋសមាជិកអាស៊ាន តាមរយៈជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងភាពជាដៃគូចែករំលែកចំណេះដឹង។

បន្ថែមពីនេះ កម្មវិធី EIP នឹងស្វែងរកសក្ដានុពល ដែលមិនទាន់ត្រូវបានទាញយកផ្នែកឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅទូទាំងតំបន់អាស៊ានទាំងមូល និងផ្តោតលើការជួយដល់សហគ្រាសធុនមីក្រូ ខ្នាតតូច និងខ្នាតមធ្យម។

កម្មវិធីEIP នឹង​ត្រូវ​បានដាក់ឱ្យអនុវត្ត​ន៍ នៅ​ទូទាំង​បណ្តាប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេសទីម័រខាងកើត។  កម្មវិធី​នេះ​នឹង​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣ ដូចខាងក្រោម។ ទី១: គាំទ្រកំណែទម្រង់បទប្បញ្ញត្តិ ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ទី២. ជំរុញពាណិជ្ជកម្មបើកចំហ ដើម្បីដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្ម រវាងរដ្ឋសមាជិកអាស៊ាន និងជំរុញពាណិជ្ជកម្មសកល រួមទាំងជាមួយចក្រភពអង់គ្លេសផងដែរ និងទី៣. អភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុ ដើម្បីពង្រឹង និងធ្វើទំនើបកម្មសេវាកម្មហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ចទូទាំងតំបន់អាស៊ាន និងទីម័រខាងកើត។

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅតំបន់អាស៊ាន លោកស្រី Sarah Tiffin បានមានប្រសាសន៍ឱ្យដឹងថា “ភាគីអង់គ្លេសមានមោទនភាព ក្នុងការចាប់ផ្តើមបើកដំណើរការ កម្មវិធីសមាហរណកម្មសេដ្ឋកិច្ច ដោយលើកកម្ពស់ភាពជាដៃគូសន្ទនារបស់យើង ឱ្យកាន់តែល្អប្រសើរថែមទៀត”។

លោកស្រីបន្ថែមថា ចាប់តាំងពីក្លាយជាដៃគូសន្ទនា ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីកាត់បន្ថយភាពក្រីក្រ នៅក្នុងតំបន់ និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ដែលផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្របំផុត។

កម្មវិធីEIP នេះនឹងក្លាយជាឧបករណ៍សំខាន់ របស់អង់គ្លេសក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗទាំងនេះ តាមរយៈភាពជាដៃគូជាមួយមិត្តអាស៊ានរបស់យើង”៕ប្រភព: GOV.UK៕

LEAVE A REPLY

Please enter your comment!
Please enter your name here