តើទីផ្សារអចលនទ្រព្យកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពបែបណា និងគួរដោះស្រាយដូចម្តេច?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកអភិវឌ្ឍន៍នានាហាក់បន្តសម្ងំ ដោយមិនបានបើកលក់គម្រោងថ្មីរបស់ពួកគេ ថ្នាក់ដឹកនាំធនាគារធំៗនៅតែមានការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទានរបស់ពួកគេ ហើយអ្នកឆ្លៀតឱកាសទិញដី នៅតែស្វែងរកដីតម្លៃក្រោមទីផ្សារចន្លោះពី៣០ ទៅ៥០ភាគរយ។
តើស្ថានភាពដែលកម្ពុជា រង់ចាំការងើបឡើងវិញក្នុងវិស័យនេះត្រូវការដំណោះស្រាយបែបណា?។

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាអគ្គនាយកគេហទំព័រ Propertyarea.asia & Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ មេសាថា ទីផ្សារនេះ បានស្លោកស្រពោនរយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីវិបត្តិកូវីដ១៩បានចាប់ផ្តើម និងកំលាំងចលករ​សេដ្ឋកិច្ចខ្លះ បានរងផលប៉ះពាល់តាំងពីចុងឆ្នាំ២០១៩ ក្នុងស្ថានភាពនេះ កម្ពុជាត្រូវការលំហូរទុនពីក្រៅប្រទេស ហូរចូលមករាប់ពាន់លានដុល្លារមកជាថ្មី ដើម្បីជម្រុញទីផ្សារនេះឲ្យងើបឡើងវិញ។

លោកបន្តថា “ស្ថានភាពទីផ្សារបែបនេះ កម្ពុជាត្រូវការការវិនិ​យោគពីអ្នកក្នុងស្រុក ជាមួយចលនាមួយ ដែលមានសភាពដូចជាទឹកជោរ ដែលកើនឡើងបន្តិចម្តងៗ ដើម្បីស្តារទំនុកចិត្តក្នុងវិស័យនេះឡើងវិញ ក្នុងចំណោមសាធារណៈជន”។ លោកបន្តថា “ជាមួយគ្នានេះ ធនាគារនានាគួរតែបន្ឋូរបន្ថយ លក្ខខ័ណ្ឌលើការផ្តល់ឥណទាន ដើម្បីបង្ហូរសាច់ប្រាក់ ចូលក្នុងវិស័យនេះឡើងវិញ ដើម្បីជម្រុញទីផ្សារ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ”។លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលគួរមានកញ្ចប់ថវិកាលើកទឹកចិត្តមួយចំនួន ពិសេសដាក់ចេញគោល​នយោបាយថ្មីៗបន្ថែម ដូចជា កម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ជម្រុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឲ្យបានច្រើន នៅទីតាំងដែលមានសក្តានុពល សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងបន្តលើកទឹកចិត្ត ដល់ការវិនិយោគអចលនទ្រព្យ ដែលមានគុណតម្លៃដល់សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍បែបអេកូឡូស៊ីក្នុងវិស័យនេះផងដែរ។

លោកបន្តថា ជាការពិត ការរីកចម្រើនរបស់ប្រទេសមួយ ពិតជាត្រូវការលំហូរទុនវិនិយោគពីបរទេស និងជម្រុញលំហូរពាណិជ្ជកម្មទៅកាន់បរទេស ប៉ុន្តែនៅកម្ពុជាទីផ្សារតូចមួយនេះ ទាមទារឲ្យរដ្ឋាភិបាលកសាងភាពយូនីកមួយ សម្រាប់ប្រទេស និងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រែក្លាយប្រទេសនេះ ជាមូលដ្ឋានមួយដែលអ្នកវិនិយោគសម្លឹងមករៀងរាល់ពេល ជាមួយនឹងបរិយាកាស និងបរិស្ថានវិនិយោគមានភាពអំណោយផល ជាមួយនឹងការិយាធិបតេយ្យត្រូវ កាត់បន្ថយឲ្យបានជាអតិបរិមា។

លោកបញ្ជាក់ថា “ប្រសិនជាប្រទេសថៃ ឬវៀតណាម ពួកគាត់រាំបទធ្វីស កម្ពុជាក៏គួរមានបទខ្លួនឯងសម្រាប់រាំផងដែរ ដូចជា បទរាំវង់ ឬរាំក្បាច់ តាមស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ខ្លួន”។

 តើកម្ពុជាអាចពឹងផ្អែកលើការវិនិយោគរបស់ចិន ក្នុងវិស័យនេះបានតទៅទៀរឬយ៉ាងណា លោកយិន លាងគង់បានបញ្ជាក់ថា ការពឹងផ្អែកលំហូរវិនិយោគពីប្រទេសចិន សម្រាប់ជម្រុញការវិនិយោគលើវិស័យអចលនទ្រព្យ និងធ្វើឲ្យទីផ្សារនេះពុះកញ្រ្ជោលឡើងវិញ យើ​ងអាចមើលឃើញក្នុងសញ្ញាមួយ ហាក់ស្ថិតក្នុងសភាពអស់សង្ឃឹ​ម ដោយសារការដួលរលំ ក្នុងវិស័យអចលនទ្រព្យចិន ព្រោះគោលនយោបាយរបស់មេដឹកនាំប្រទេសនេះ ផ្តោតលើការអភិវឌ្ឍអចលនទ្រព្យសម្រាប់ស្នាក់នៅ មិនមែនសម្រាប់ទាញយកប្រាកើចំណេញ។ មេដឹកនាំចិនបាន និងកំពុងដាក់ចេញគោលនយោបាយថ្មី ដោយកាត់បន្ថយការពឹងផ្អែកលើវិស័យនេះ ដែលធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចល​នទ្រព្យ លំដាប់យក្សរបស់ចិន ជាច្រើន ដូចជា Country Graden, Evergrade, Shimaoជាដើមបានដួលរលំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here