វិភាគៈតើប្រទេសចិនក្លាយជាមហាអំណាចបច្ចេកវិទ្យាស្អាតរបស់ពិភពលោកដោយវិធីសាស្ត្រណា?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: វិស័យថាមពលស្អាត ជាកត្តាជំរុញដ៏ធំបំផុតនៃកំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ ដោយបានរួមចំណែក៤០ភាគរយ (ប្រហែល១,៦ទ្រីលានដុល្លារ) នៃទំហំសេដ្ឋកិច្ចចិន។

ជាមួយគ្នានេះ ការប្តេជ្ញាចិត្តរបស់មហាយក្សចិន ចំពោះថាមពលកកើតឡើងវិញ ត្រូវបានគូសបញ្ជាក់ឱ្យឃើញ តាមរយៈការបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនរបស់ខ្លួន នៅក្នុងឧស្សាហកម្មនេះ។

ការវិនិយោគរបស់ចិន នៅក្នុងការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិ​ត្យថ្មី (PV) ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានទំហំទឹកប្រាក់លើសពី៥០ពាន់លានដុល្លារ។  កំណើនលើការវិនិយោគនេះ បានពង្រឹងឯករាជ្យភាព ថាមពលរបស់ប្រទេសចិន និងលើកកម្ពស់ការបង្កើតការងារយ៉ាងច្រើន ចាប់តាំងពីឆ្នាំ២០១១។លើសពីនេះទៅទៀត វិស័យថាមពលខ្យល់របស់ប្រទេសចិននៅតែបន្តរីកចម្រើន ដែលស្តែងឱ្យឃើញ តាមរយៈការបន្ថែមសមត្ថភាពផលិតថាមពលខ្យល់ ចំនួន៣៧ជីហ្គាវ៉ាត់ (GW) នៅក្នុងឆ្នាំ២០២២ បូករួមទាំងកំណើនគួរឱ្យកត់សម្គាល់ នៃការសាងសង់កសិដ្ឋានថាមព​ល ដើរដោយខ្យល់នៅក្រៅប្រទេស។

ទន្ទឹមនឹងនេះ ភាពលេចធ្លោរបស់ប្រទេសចិន ក៏បានពង្រីកដល់ទីផ្សាររថយន្តអគ្គិសនី (EV) ផងដែរ។  ប្រទេសចិនគ្របដណ្តប់ជិត៦០ភាគរយ នៃការចុះបញ្ជីរថយន្តអគ្គិសនីថ្មីជាសាកល ក្នុងឆ្នាំ២០២២។ រថយន្តអគ្គិសនីរបស់ប្រទេសចិន គ្របដណ្តប់២៩ភាគរយនៃការលក់រថយន្តក្នុងស្រុកសរុប ដែលសម្រេចបានលឿនជាងគោលដៅជាតិឆ្នាំ២០២៥។

ទី១: ថាមពលខ្យល់

វិស័យថាមពលខ្យល់របស់ប្រទេសចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះ ចិនបានចាប់ផ្តើមនាំចូលទួរប៊ីនពីអឺរ៉ុប។ ប្រទេសចិនបានក្លាយទៅជាទីផ្សារថាមពល ខ្យល់ដ៏ធំបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនផលិតកម្មរបស់ប្រទេសនេះ ផ្គត់ផ្គង់ជិត៦០ភាគរយនៃសមត្ថភាពដំឡើង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២។

ដំបូងឡើយ ទីក្រុងប៉េកាំងបានបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបរទេស តាមរយៈកិច្ចព្រមព្រៀងផ្តល់អា​ជ្ញា​បណ្ណ ដែលវិវត្តន៍ទៅជាទំនាក់ទំនងសហរចនា(Co-design Relationships)។ លើសពីនេះ រដ្ឋាភិបាលចិនបានគាំទ្រ ក្នុងទម្រង់នៃជំនួយ R&D ដោយជួយឱ្យក្រុមហ៊ុនផលិតកម្មរបស់ចិន អាចបោះទុនវិនិយោគយ៉ាងច្រើន នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលនាំឱ្យមានការច្នៃបង្កើតថ្មី។

ជាលទ្ធផល យោងតាមរបាយការណ៍ Global Wind Report  ឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសចិនគ្របដណ្តប់៦០ភាគរយ នៃសមត្ថភាពផលិត ទួរប៊ីនខ្យល់សកលនៅឆ្នាំ២០២៣ តាមពីក្រោយដោយទ្វីបអឺរ៉ុប ក្នុងរង្វង់ត្រឹមតែ១៩ភាគរយ និងសហរដ្ឋអាមេរិកក្នុងរង្វង់ត្រឹមតែ៩ភាគរយ។

ទី២: វិស័យថាមពលពន្លឺព្រះអាទិត្យ

វិស័យថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសចិន ក៏មានការវិវត្តន៍គួរឱ្យកត់សម្គាល់ផងដែរ ដោយផ្លាស់ប្តូរពីការផ្គត់ផ្គង់សមាសធាតុទៅកាន់ការផលិតបន្ទះពេញលេញ និងក្លាយជាអ្នកផលិតកោសិកាពន្លឺព្រះអាទិត្យ PV ដ៏ធំបំផុតរបស់ពិភពលោក។

ការផ្លាស់ប្តូរនេះ ត្រូវបានជំរុញដោយយុទ្ធសាស្ត្រមួយ ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាតម្រង់ទិសលើការនាំចេញ ដោយក្រុមហ៊ុនចិន បានកាន់កាប់ចំណែកជាង៨០ភាគរយ នៃទីផ្សារនាំចេញ PV របស់ពិភពលោកក្នុងឆ្នាំ២០២៣។

ដំបូងឡើយ ចិនពឹងផ្អែកលើទីផ្សារបរទេស ប៉ុន្តែក្រោយមក ទីផ្សារក្នុងស្រុកក៏រីកចម្រើនផងដែរ ដោយសារការឧបត្ថម្ភធនយ៉ាងច្រើន ដែលគ្រប់ដណ្តប់ចាប់ពី៥០ ទៅ៧០ភាគរយ នៃការវិនិយោគថាមពលពន្លឺព្រះអាទិត្យសរុប។

នៅឆ្នាំ២០០៩ ក្រុមហ៊ុនជើងឯករបស់ប្រទេសចិនចំនួន៣ រួមទាំងក្រុមហ៊ុន Suntech Power បានជាប់នៅក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០របស់ពិភពលោក សម្រាប់ការលក់PV តាមរយៈការច្របាច់រួមបញ្ចូលគ្នា នៃសមាហរណកម្មបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុនបានបង្កើតជំនាញ បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក ដោយច្របាច់រួមបញ្ចូលគ្នានូវការស្រាជ្រាវ និងការអភិវឌ្ឍន៍ (R&D) ជាមួយនឹងយន្តការផ្សេងៗ ដូចជា អាជ្ញាប័ណ្ណ ការបណ្តាក់ទុនរួមគ្នា លំហូរ FDI និងការទិញយកពីបរទេស ការសហការជាមួយសាកលវិទ្យាល័យ New South Wales និងភាពជាដៃគូជាមួយស្ថាប័នស្រាវជ្រាវនានា ដូចជា សាកលវិទ្យាល័យ Sun Yat-sen និងសាកលវិទ្យាល័យបច្ចេកវិទ្យាសៀងហៃជាដើម។

ដូចគ្នានេះដែរ ក្រុមហ៊ុនចិនចំនួន២ផ្សេងទៀត ដូចជាក្រុមហ៊ុន Trina Solar និងក្រុមហ៊ុន Yingli Solar បានអនុវត្តន៍យុទ្ធសាស្ត្រស្រាវជ្រាវ និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជាការបង្កើតមន្ទីរពិសោធន៍សំខាន់ៗរបស់រដ្ឋ និងការសហការជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗ សាកលវិទ្យាល័យក្នុងស្រុក និងស្ថាប័នស្រាវជ្រាវអន្តរជាតិល្បីៗ ដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិអូស្ត្រាលីជាដើម។

ក្រុមហ៊ុនទាំងនេះ បានពង្រីកការបោះជំហានជាសាកល របស់ពួកគេ តាមរយៈការទិញយក(Acquisitions) និងការបង្កើតមជ្ឈមណ្ឌ​លស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រៅប្រទេស ដោយបង្កើនសមត្ថភាពបច្ចេកវិទ្យា និងការប្រកួតប្រជែងរបស់ពួកគេ នៅក្នុងទីផ្សារថាមពលពន្លឺព្រះអាទិត្យ PV ទូទាំងពិភពលោក។

ទី៣: វិស័យរថយន្តអគ្គិសនី និងរថយន្តកូនកាត់

ប្រទេសចិនបានអនុវត្តន៍ គោលនយោបាយអំណោយផល ដើម្បីប្រែក្លាយខ្លួនឯង ទៅជាប្រទេសផលិតរថយន្តដឹកអ្នកដំណើរដើរដោយអគ្គិសនី និងរថយន្ត Plug-in Hybrid ឈានមុខគេ។

ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលរបស់ប្រទេសចិនបានបោះទុនជាង២០០ពាន់លានយ័ន (ប្រមាណ២៨ពាន់លានដុល្លារ) ដល់ការឧបត្ថម្ភធន និងការបន្ធូរបន្ថយពន្ធសម្រាប់ឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV)របស់ខ្លួន។

យ៉ាងណាមិញ ប្រទេស​ចិន​បាន​កាន់​កាប់តំណែង ​ដ៏​លេចធ្លោ​មួយ​រួច​ទៅ​ហើយ​ ក្នុង​នាម​ជា​ប្រទេសឈានមុខគេ លើការផលិត​អាគុយ ដែលអាចបញ្ចូលសាកថ្មឡើងវិញបាន(Rechargeable batteries) ដែល​ជា​បច្ចេកវិទ្យា​សំខាន់​ ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី។

ជាមួយគ្នានេះ ការបណ្តាក់ទុនរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសបានកើនឡើង ដោយសារតែការកំណត់ស្តង់ដារ នៃការបំភាយឧស្ម័នដ៏តឹងរ៉ឹង លើសពីសហរដ្ឋអាមេរិក និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិន ដែលតម្រូវឱ្យក្រុមហ៊ុនបរទេស បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន។

ជាក់ស្តែង ក្រុមហ៊ុន SAIC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសចិន បានធ្វើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតអាគុយលីចូម -អ៊ីយ៉ុងរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ព្រមទាំងបង្កើតកិច្ចសហការ សម្រាប់ការអភិវឌ្ឍ បច្ចេកវិទ្យារថយន្តកូនកាត់ និងរថយន្តអគ្គិសនីទាំងអស់ជាមួយក្រុមហ៊ុនអាមេរិក General Motors។

លើសពីនេះ ក្រុមហ៊ុន SAIC ក៏បានពង្រីកវត្តមានរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិ​វឌ្ឍន៍នៅក្រៅប្រទេស ដូចជាការទិញយកក្រុមហ៊ុនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាដើម។

ដូចគ្នានេះដែរ ក្រុមហ៊ុនចិនផ្សេងទៀតដូចជា ក្រុមហ៊ុន Chery Auto ជាដើមក៏បានផ្តោតលើ កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងស្រុក ដើម្បីអភិវឌ្ឍន៍រថយន្តអគ្គិសនី និងរថយន្តកូនកាត់ ជាពិសេសនៅក្នុងផ្នែករថយន្តតូច។

ចំណែក ក្រុមហ៊ុន Build Your Dreams (BYD) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន បានអនុវត្តន៍វិធីសាស្រ្តដាច់ដោយឡែកមួយ ដោយទិញយកក្រុមហ៊ុនផលិតរថយន្ត ក្នុងស្រុក និងបោះទុនវិនិយោគយ៉ាងច្រើន នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងស្រុក ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាថ្មអាគុយលីចូម-អ៊ីយ៉ុង របស់ខ្លួនជាមួយនឹងការផលិតរថយន្ត។

យុទ្ធសាស្រ្តនៃការច្នៃប្រឌិត ក្នុងស្រុករបស់ក្រុមហ៊ុន BYD បាននាំទៅដល់ការដាក់ឱ្យប្រើប្រាស់ រថយន្តអគ្គិសនីកូនកាត់plug-in ដំបូងបង្អស់ក្នុងឆ្នាំ២០០៨។

ការច្របាច់លាយបញ្ចូលគ្នា នៃការគាំទ្រគោលនយោបាយ ភាពជាដៃគូយុទ្ធសាស្ត្រ និងការច្នៃប្រឌិតខាងក្នុងស្រុក បានប្រែក្លាយប្រទេសចិន ជាតួអង្គសំខាន់ នៅក្នុងទីផ្សាររថយន្តអគ្គិសនី និងរថយន្តកូនកាត់ នៅលើពិភពលោក។

គំរូដូចគ្នានេះ ក៏បានធ្វើឱ្យប្រទេសចិន ក្លាយជាម្ចាស់ជើងឯកពិភពលោក នៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យផងដែរ៕ប្រភព: The Diplomat៕

LEAVE A REPLY

Please enter your comment!
Please enter your name here