ដោយ វុត្ថា
ព្រះសីហនុ៖ ក្រុមហ៊ុនយក្សចិនចំនួន ៥ ចុះសិក្សាស្វែងយល់អំពីគោលនយោបាយវិនិយោគរបស់ប្រទេសកម្ពុជាព្រមទាំងព័ត៌មានអំពីសក្តានុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេសសុំការគាំទ្រនិងការលើកទឹកចិត្តពីអភិបាលខេត្តព្រះសីហនុ សម្រាប់គោលបំណងបណ្តាក់ទុនថ្មីបន្ថែមនៅលើវិស័យមួយចំនួនរួមមានឧស្សាហកម្ម ថាមពល ទេសចរណ៍ និងសេវាកម្មផងដែរ។
ក្នុងជំនួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៨ ខែមីនាឆ្នាំ ២០១៩ លោក Sun Jianjun តំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ចិន បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន៖ ១. កែច្នៃកាកសំណល់សំរាម ឲ្យក្លាយទៅជាថាមពលអគ្គិសនី ២. ក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាអគ្គិសនី ប្រើថាមពលព្រះអាទិត្យ ៣. ក្រុមហ៊ុនផលិតខ្សែកាប ៤. ក្រុមហ៊ុនអចលនទ្រព្យ ៥. ក្រុមហ៊ុនផលិតទូកទេសចរណ៍ គឺសុទ្ធតែជាក្រុមហ៊ុនដែលមានទុនវិនិយោគ និងមានបទពិសោធន៍នៅប្រទេសចិន។
លោកថា ខេត្តព្រះសីហនុ គឺពិតជាមានសក្ដានុពលល្អហើយពួកគេបានប្រមើលឃើញថា៖ នៅថ្ងៃខាងមុខមិនយូរទេខេត្តព្រះសីហនុ នឹងក្លាយទៅជាក្រុងដ៏ទំនើបជឿនលឿន និងស៊ីវិល័យមួយ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកបានសម្ដែងការស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគិនថ្មីទាំងអស់ ដែលមានបំណងចង់មកបណ្ដាក់ទុននៅខេត្តព្រះសីហនុ។ លោកបង្ហាញជំហរថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍និងធានាការការពារដល់អ្នកវិនិយោគិនល្អៗទាំងនោះដោយច្បាប់។
លោកយន្ត មីនបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្កានុពលមានអំណោយផលពីធម្មជាតិ មានឆ្នេរសមុទ្រស្អាតៗ មានកោះចំនួន ៣២ មានទឹកធ្លាក់ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស ដែលព្រលានយន្តហោះអន្តរជាតិកំពុងតែពង្រីកឲ្យកាន់តែធំ និងមានផ្លូវសមុទ្រមានកំពង់ផែទឹកជ្រៅ ដែលអាចធ្វើឲ្យនាវាធំៗឆ្លងកាត់ និងដឹកទំនិញចេញ-ចូលទៅក្រៅប្រទេសបានយ៉ាងទូលំទូលាយ។
លោកបន្ថែមថា សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គឺពឹងទៅលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម និងកសិកម្មខ្លះដែរ។ រយៈកាលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់យ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់ទុកថា ខេត្តព្រះសីហនុគឺជាខេត្តឧស្សាហកម្មគំរូចំបងតែមួយគត់របស់កម្ពុជា។ ជាទស្សនៈវិស័យូរអង្វែងខេត្តនេះបានជំរុញអ្នកវិនិយោគមកពីតំបន់នានាពិសេសមកពីប្រទេសចិន បានមកបណ្ដាក់ទុនរកស៊ីច្រើនជាងគេ និងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុមានការកើនឡើងខ្ពស់ គឺប្រមាណ 8,7 ភាគរយ នៅក្នុងឆ្នាំ ២០០៧ ហើយ GDP របស់ប្រជាជនម្នាក់ មានប្រមាណជា ៣៣៥៣ដុល្លារក្នុងមួយឆ្នាំៗ។ ដោយឡែកអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ គឺបានធ្លាក់មកនៅត្រឹម ១១ ភាគរយប៉ុណ្ណោះ។
លោកអភិបាលខេត្តថា ការរីកចម្រើនដ៏គួរជាទីមោទនៈនេះគឺ ជាលទ្ធផលមួយដែលមិនអាចប្រកែកបានក្រោមគោលនយោបាយនិងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខល្អ និងមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍប្រទេស។
ម៉្យាងទៀតវាក៏ជាការស្របគ្នា ទៅនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ចិន-ផ្លូវមួយខ្សែក្រវ៉ាត់មួយ-ដែលបាន ធ្វើឲ្យខេត្តព្រះសីហនុ ដែលបានជំរុញអ្នកវិនិយោគមកពីប្រទេសចិនឲ្យចូលមកបណ្ដាក់ទុនរកស៊ី និងធ្វើការស្វែងយល់ អំពីសក្តានុ ពលនឹងបានចូលមកបណ្ដាក់ទុន នៅខេត្តនេះជាបន្តបន្ទាប់ហើយបានធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់យ៉ាងឆាប់រហ័សគួរជាទីកត់សម្គាល់។ ក្នុងនោះដែរលោកបានបន្ថែមថា ខេត្តនានារបស់ប្រទេសចិន ចំនួន ១៦ បានក្លាយទៅជាខេត្តបងប្អូន ឬខេត្តសម្ព័ន្ធមេត្រីភាព ជាមួយនិងខេត្តព្រះសីហនុ៕