វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនកំពុងទាក់ទាញវិធានការជំរុញថ្មីបន្ថែមទៀតពីរដ្ឋាភិបាល

0

ដោយ: គង់ លាងហួរ

ប៉េកាំង: រដ្ឋាភិបាលចិន គ្រោងដាក់ចេញវិធានការជំរុញអចលនទ្រព្យថ្មីបន្ថែមទៀត ខណៈក្រុមមន្ត្រី ដែលមានសិទ្ធិសម្រេចចិត្តកំពូលរបស់ប្រទេសនេះ បានប្តេជ្ញាដោះស្រាយបញ្ហាលំនៅដ្ឋាន ដែលមានស្រាប់នៅក្នុងស្តុក។ នេះបើយោងតាមក្រុមអ្នកវិភាគ។

នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយមួយកាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីកំពូលចិនបានមានប្រសាសន៍ឱ្យដឹងថា ពួកគេកំពុងវាយតម្លៃវិធានការ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយចំនួនលំនៅដ្ឋានដែលមានស្រាប់ និងជំរុញការលក់។

លោក Raymond Cheng នាយកគ្រប់គ្រងក្រុមហ៊ុន CGS International Securities Hong Kong បានលើកឡើងថា “នេះគឺជាការផ្លាស់ប្តូរគោលនយោបាយដ៏រហ័ស និងមានភាពវិជ្ជមាន។ តាមទស្សនៈរបស់យើងគិតថា បណ្តាធនាគារគោលនយោបាយនានា គួរតែផ្តល់មូលនិធិដល់រដ្ឋបាលក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយ ចំនួនលំនៅដ្ឋានដែលមានស្រាប់ ដូចដែលបានធ្វើដោយជោគជ័យ នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩”។

យុទ្ធសាស្ត្រ ដែលលោក Raymond Cheng បានលើកឡើង គឺជាយុទ្ធសាស្ត្ត្រផ្តល់មូលនិធិសម្រាប់រដ្ឋបាលក្នុងតំបន់ ក្នុងការទិញលំនៅដ្ឋាន ដែលជាប់គាំងលក់មិនចេញ ពីអ្នកអភិវឌ្ឍន៍ ដើម្បីប្រែក្លាយទៅជាលំនៅដ្ឋានសង្គម។

លោក​បាន​បន្ថែម​ថា “វា​នឹង​ក្លាយ​ជាយុទ្ធសាស្ត្រឈ្នះ -ឈ្នះសម្រាប់​ទាំង​រដ្ឋាភិបាល និង​អ្នក​អភិវឌ្ឍន៍។ ប្រសិនបើចំណាត់ការនេះត្រូវបានអនុវត្តន៍ នោះវាមិនត្រឹមតែកាត់បន្ថយចំនួនលំនៅដ្ឋាន ដែលមានស្រាប់យ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញលំហូរសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍ផងដែរ”។

ជាមួយគ្នានេះ ធនាគារវិនិយោគជប៉ុន Nomura បានបង្ហាញសុទិដ្ឋិនិយម ចំពោះសារគាំទ្ររបស់រដ្ឋាភិបាលចិន។ នាពេលថ្មីៗនេះ ទីក្រុងប៉េកាំង និងទីក្រុង Zhengzhou បានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ នៅក្នុងតំបន់មួយចំនួនរបស់ខ្លួន។

ធនាគារ Nomura បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ទីក្រុងជាច្រើនទៀត ជាពិសេសទីក្រុងលំដាប់ទី១ ដូចជា ទីក្រុង Shanghai និងទីក្រុង Shenzhen ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទោះជាយ៉ាងណាក្តី ស្ថាប័នមួយនេះបានបង្ហាញការព្រួយបារម្ភថា ទំហំ និងពេលវេលា នៃការដាក់ចេញវិធានការទាំងនេះ អាចមានកម្រិតខ្សោយ ឬអាចមានសភាពយឺតជាងការរំពឹងទុក។

ចំណែក លោក Raymond Yeung ប្រធានសេដ្ឋវិទូប្រចាំតំបន់ Greater China របស់ក្រុមហ៊ុន ANZ Research បានអះអាងថា “ការអំពាវនាវឱ្យកាត់បន្ថយចំនួនផ្ទះ ដែលជាប់គាំងលក់មិនចេញ គឺជាសារវិជ្ជមាន។ ប៉ុន្តែវាត្រូវការពេលវេលា និងសកម្មភាពតាមដាន ដើម្បីធានាថា វាមានប្រសិទ្ធភាព”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here