ក្រុមសេដ្ឋវិទូរបស់AMROស្វែងយល់ពីស្ថានភាពនៃលំហូរ FDIមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបជាមួយ ក្រុមគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ជាភាសាអង់គ្លេ​សថា AMRO ដឹកនាំដោយ លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ ដែលធ្វើបេសកកម្មស្វែងយល់អំពី ស្ថានភាពនៃការវិនិ​យោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៣និងដើមឆ្នាំ២០២៤នេះ។

ប្រតិភូនេះ ក៏ស្វែងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស នាពេលបច្ចុប្បន្ននិងទៅអនាគត បន្ថែមទៀត។

លោកបណ្ឌិត សរ សិនិរ៉ា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ AMRO ដែលបានចាប់អារម្មណ៍ពីប្រទេសកម្ពុជា ហើយមកស្វែងយល់ ដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែង ដោយឯកឧត្តមបានជម្រាបជូនគណៈប្រតិភូយ៉ាងពិស្តារ អំពីស្ថានភាពនៃកំណើនរំហូរទុនវិនិយោគមកកម្ពុជា នៅក្រោយវិបត្តិកូវីដ១៩ ជាពិសេសរំហូរទុនដ៏គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ ដែលមានគម្រោងសរុបចំនួន២៤៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលទុនវិនិយោគសរុបនៃគម្រោងទាំងនេះមានចំនួន៤,៩ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ២២%ធៀបនឹងឆ្នាំ២០២២។

ដោយឡែកក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,២ ពាន់លានដុល្លារអាម៉េរិក បង្កើតការងារជាង១០ម៉ឺនកន្លែង។ កំណើននេះបើគិតជាភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣គឺស្មើនឹង៦៤៩%។

លោកបន្តថា “កំណើនយ៉ាងគំហុកនេះ ដោយសារការវិនិយោគក្នុងគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេស​ចរណ៍ និងគម្រោងពង្រីកផលិតកម្ម នៃវិស័យឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស”។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមផងដែរថា កត្តាចម្បងដែលធ្វើអោយកម្ពុជា ទទួលបានទំនុកចិត្តពីវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក គឺស្ថេរភាពនយោបាយ,ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌគតិយុត្តស្តីពីវិនិយោគមានលក្ខណៈបើកចំហរខ្លាំង និងរបបនៃការលើកទឹកចិត្តវិនិយោគមានលក្ខណៈអំណោយផល ខណៈដែលកម្ពុជាបន្តអភិវន៍ឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឥតឈប់ឈរ ដើម្បីប្រសិទ្ធភាពនៃការតភ្ជាប់និងការសម្រួលដល់ប្រព័ន្ធដឹកជញ្ជូន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបើកច្រកទីផ្សារថ្មីៗសម្រាប់ទំនិញកម្ពុជា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគី ក៏ដូចជាកត្តាដែលកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន។ល។

ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះ គឺប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានអនុវត្តសកម្មភាពដើរគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់ និងជាបន្តបន្ទាប់ នៅបណ្តាប្រទេសជាគោលដៅយុទ្ធសាស្ត្រជាច្រើន នាពេលកន្លងមកដែលការណ៍នេះ ផ្តល់នូវភាពកក់ក្តៅយ៉ាងពិសេសដល់វិនិយោគិន។

ចំពោះគោលនយោបាយទាក់ទាញវិនិយោគ សម្រាប់ពេលអនា​គត លោកអគ្គលេខាធិការរង ក៏បានជម្រាបជូនគណៈប្រតិភូអំពីខ្លឹមសារជាសារវ័ន្ត នៃឯកសារគោលនយោបាយ របស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣) និង ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម (២០២៣-២០៣៣)។

លោកបណ្ឌិត JINHO CHOI បានសំដែងការសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស នៅក្រោយវិបត្តិកូវីដ១៩ និងក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះ នូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោ​បាយនិងសង្គ្រាម តាមរយៈការដាក់ចេញនូវវិធានការមុតស្រួច ដើម្បីទាក់ទាញ និងថែទាំវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាក់ស្តែងខ្លឹមសារនៃកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាក៏ត្រូវបានរំលេចនៅក្នុងរបាយការណ៍ស្ដីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់កម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០២៣ កន្លងទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here