Hattha top Banner

តើវិស័យអាកាសចរណ៍កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពបែបណា និងអាចរីកចម្រើនខ្លាំងឡើងវិញនៅឆ្នាំណា?

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា  រយៈពេល៣ឆ្នាំទៅមុខទៀត ពោលនៅក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញដូចទៅនឹងឆ្នាំ២០១៩។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សានៅកម្មវិធីរបស់សារព័ត៌មានធំមួយនៅកម្ពុជាកាលពីចុងសប្តាហ៍មុន។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ពីមុនធ្លាប់ធ្វើការព្យាករណ៍ និងធ្វើការសន្និដ្ឋានថា ការងើបឡើងវិញ បន្ទាប់ពីកូវីដ១០០ភាគរយ គឺនៅក្នុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្ដែបន្ទាប់ពីធ្វើការពិនិត្យឡើងវិញ ដោយសារមានវិបត្ដិផ្សេងៗកើតឡើងផ្ទួនគ្នាៗ នៅក្នុងពិភពលោក គឺមិនដូចការរំពឹងទុកទេ។

លោកបញ្ជាក់ថា “តាមការព្យាករណ៍ថ្មី របស់សមាគមដឹកជញ្ជូនអន្ដរជាតិ កំណើនប្រទេសកម្ពុជានឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧”។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា សព្វថ្ងៃនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានការងើបឡើងវិញប្រមា​​ណ៦៣ភាគរយ នៅក្នុងឆ្នាំ២០២៤។ ដូច្នេះទាន់តែដល់ឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមអាកាសនៅកម្ពុជា ងើបឡើងវិញបាន១០០ភាគរយ ស្មើនឹងឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៩ ចំនួនអ្នកដំណើរ ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា មានចំនួនជិត១២លាននាក់។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន៦.០២លាននាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរបាន ៣.៩២លាននាក់។

លោក ស៊ីន ចាន់សិរីវុត្ថាបានបង្ហើបប្រាប់អំពីមូលហេតុ ដែលរាជរដ្ឋាភិបាល ឲ្យឯកជនវិនិយោគព្រលានយន្តហោះ ខណៈការអភិវឌ្ឍព្រលានយន្តហោះ ជួយជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសតំបន់ជុំវិញព្រលានយន្តហោះ។

លោកបានបញ្ជាក់ថា តាមការសិក្សាគេឃើញថា ការផ្ដល់សេវាកម្មរដ្ឋ មានប្រសិទ្ធភាពទាបជាង ការផ្ដល់សេវាដោយឯកជន ព្រោះថាឯកជនមានលទ្ធភាពទាំងហិរញ្ញវត្ថុ ទាំងផ្នែកគ្រប់គ្រង ធនធានមនុស្ស ហើយប្រសិទ្ធភាព ក្នុងការអនុវត្ដអាចអស់ថវិកាតិចជាង ហើ​យប្រសិទ្ធភាពខ្ពស់ជាង។ ដូច្នេះបន្ទាប់ពីសិក្សានេះរួចមក ប្រទេសមួយចំនួនលើពិភពលោក បានប្រែខ្លួនពីការផ្ដល់សេវាដោយរដ្ឋ ទៅជាសេវាឯកជន

លោកបានឲ្យដឹងថា ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការកសាងអាកាសយានដ្ឋានអន្ដរជាតិ ទី១ ការទាក់ទាញវិនិយោគិន ឲ្យចូលមកអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទី២ បង្កើតការងារដោយផ្ទាល់រាប់ពាន់ការងារ និងបង្កើតការងារដោយប្រយោលជាច្រើន ជាពិសេ​សតំបន់ជុំវិញ អាកាសយានដ្ឋានក៏មានការរីកចម្រើន ដូចជាតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច និងតំបន់បុរីផ្សេងៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here