Hattha top Banner

មន្រ្តីជាន់ខ្ពស់ៈ កម្ពុជាទទួលបានទុនវិនិយោគជាង២៥០០លានដុល្លារកើនឡើងជាង៣០០ភាគរយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោកវង្សី វិស្សុត ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១​២​៨​ ​ មាន​ទំហំ​ទឹកប្រាក់​​២​,​៥​១​​ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល​៤​​ខែ​ដំបូង​ ​កើន​ឡើង​​៣​២​៧​​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២​០​២​៣​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ ​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២​០​២​៤​ (C​IT​F​ 2024) ​ដោយមាន​ព្រះ​វត្តមាន​របស់​ព្រះនាង​ ​នរោត្តម​ ​ជេន​ណា​ ​និង​លោកស្រី​ ​ចម​ ​និម្មល​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​រួម​ជាមួយនឹង​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​ចំនួន​២​.​៥​០​០​នាក់​ ​ដែល​តំណាង​ឱ្យ ​ប្រទេស​ចំនួន​១​៦​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដែលបានចាប់ពី​ថ្ងៃ​ទី​ ​១​០​ ​ដល់​ ១​២​ ​ឧសភាកន្លងមកនេះ​។​

ថ្លែង​ក្នុង​ពិធី​នេះ​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​បាន​លើកឡើង​ជា​សង្ខេប​អំពី​សារៈសំខាន់​នៃ​ការ​តាំង​ពិព័រណ៍​នេះ​ ​ដែល​បើកផ្លូវ​សម្រាប់​ពាណិជ្ជករ​ក្នុងស្រុក​ ​និង​បរទេស​ក្នុង​ការ​បង្ហាញ ​ផលិតផល​របស់​ពួកគេ​ ​ក៏ដូចជា​ប្រើប្រាស់​ឱកាស ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ ​និង​ពង្រឹង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​។​

លោក​​​មាន​សុទិដ្ឋិនិយម​ថា​ C​IT​F​ 2024 ​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​រួម​ទាំង​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​ចំណេះ​ដឹង​ផ្នែក​ធុរកិច្ច​ ​ទន្ទឹម​នឹង​នោះ​ក៏​បង្កើត​ការ​ងារ​​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បែប​នេះ​ ​ក្នុង​គោលបំណង​ ពង្រីក​សក្តានុពល​នាំចេញ​ទៅកាន់​តំបន់​ ​និង​ពិភពលោក​ ​ស្របតាម​ពាក្យស្លោក​“​ នាំ​កម្ពុជា​ទៅកាន់​ពិភពលោក​” ​ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ត្រូវតែ​ផ្សារភ្ជាប់​គ្នា​។​លោក​បានបញ្ជាក់ថា  “​សេដ្ឋកិច្ច​របស់កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ប្រហែល​៦​ភាគរយ​ ​ក្នុងឆ្នាំនេះ​ ​និង​ឆ្នាំ​ ​២​០​២​៥”​។​​

ក្នុងរយៈពេល​៤​ខែ​ដំបូង​ ​នៃ​ឆ្នាំ​២​០​២​៤​ ​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​​១​១​,​៩​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ក្នុង​ឆ្នាំ​២​០​២​៣។លោក​បន្ត​ថា​ ​ក្រៅពី​ការ​ផលិត​ស​ម្លៀ​ក​បំពាក់​ ​គម្រោង​វិនិយោគ​ភាគច្រើន​ គឺជា​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​ការ​បង្កើត​មជ្ឈ​មណ្ឌល​ទិន្នន័យ​ ​និង​រោងចក្រ​ដំឡើង​រថយន្ត​។​

ជាមួយគ្នានេះ ​លោកស្រី​ ​ចម​ ​និម្មល​ ​បាន​មានប្រសាសន៍ថា​ ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​ឈាន​ដល់​ទំហំទឹកប្រាក់ជាង​១​៦​ ​ពាន់​លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​ការនាំចេញ​ឈាន​ដល់​៨​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ប្រហែល​១​២​ភាគរយ​ ​ដែល​បញ្ជាក់​ពី​សក្ដានុពល​ពាណិជ្ជកម្ម ​ដែល​កំពុង​រីក​ចម្រើន​របស់​ប្រទេស​ ​និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ​។​

​លោកស្រី​បាន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​ ​ក្នុង​ការ​កៀង​គរ​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​រាប់ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូលរួម​ក្នុង​ C​IT​F​ 2024 ​ក៏ដូចជា​ការស្វែងរក​សក្តានុពល​វិនិយោគ​បន្ថែម​ទៀត ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

លោកស្រី​ ​ចម​ ​និម្មល​ ​បាន​បន្ថែម​ថា​ “​ក្រសួង​ពាណិជ្ជកម្ម​ ​ប្តេជ្ញា​បង្កើន​នូវ​ការ​អភិវឌ្ឍន៍​វេទិកា​ពាណិជ្ជកម្ម​ ​ដោយ​បង្វែរ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​ ​តាមរយៈ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិ​ស័​យ​ ​រួម​មាន​ ​ការ​កាត់បន្ថយ​ថ្លៃ​ដើម​ ​ការ​ពង្រឹង​ការប្រកួតប្រជែង ​នៃ​ផលិតផល​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម​ ​និង​ការ​វិនិយោគ​”​។​

លោក​ ​វ​ង្សី ​វិស្សុត​ ​បានបន្តទៀតថា “​ទោះបីជា​ពិភពលោក​កំពុង​ប្រឈមមុខ នឹង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​ ទាក់ទង​នឹង​ទិដ្ឋភាព​នយោបាយ​ ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​និង​សង្គម​ ​ដោយសារ​ការផ្លាស់ប្តូរ​ភូមិសាស្ត្រនយោបាយ​ ​ការ​បែកបាក់​នៃ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ពិភពលោក​ក៏ដោយ​ ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជឿជាក់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ ​គោល​នយោបាយ​ពហុភាគី​និយម​ ​និង​ការ​បើកទូលាយ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​”​។​

លោក​បាន​លើកទឹកចិត្ត​ពាណិជ្ជករ​ក្នុងស្រុក​ ​និង​បរទេស​ឱ្យ​ពង្រីក​គម្រោង​វិនិយោគ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ ​និង​បទ​ប្បញ្ញត្តិ​វិនិយោគ​ថ្មីៗ​ ​ហើយ​តែងតែ​ខិតខំ​ការពារ​ ​និង​រក្សា​ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​លើកឡើង​បន្ថែម​អំពី​វិធាន​ការសំខាន់​ៗ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ -វិ​ស័យ​ឯកជន​លើក​ទី​១​៩​ (19​t​h​ ​G​-​P​S​F​) ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ ​និង​កង្វល់​របស់​វិ​ស័​យ​ឯកជន​ ​ដែល​បង្ហាញ​ថា​ កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ស្វាគមន៍​ ​ការ​វិនិយោគ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here