ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រុញឲ្យមន្រ្តីជំនាញរតនាគារជាតិ អនុវត្តន៍ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងៗទៀត នៅរៀងរាល់២សប្តាហ៍ម្តងឲ្យបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់បន្ថែមរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យមន្រ្តីរាជការកាន់តែមានជីវភាពធូរធារ។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថា មន្រ្តីរតនាគារទាំងត្រូវបន្តពង្រីកអភិបាលកិច្ចល្អ និងត្រូវអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមអភិក្រមសីធម៌របស់ក្រសួង តាមរយៈការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រូវអនុវត្តន៍ការងារជាក្រុម អនុវត្តន៍ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងការមិនត្រូវមើលរំលងកំហុសខ្លួនឯង។
លោកបន្តថា “មន្រ្តីជំនាញរតនាគារទាំងអស់ ត្រូវវបន្តរក្សាឲ្យបានប្រកបដោយប្រសិទ្ធភាព សម្រាប់ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល យោធិន កងកម្លាំងនគរបាលជាតិ និងការផ្តល់ប្រាក់របបសន្តិសុខសង្គមជូន ប.ជ.ស និង ប.ជ.អ ជាពិសេសគឺការពង្រឹងការងារឲ្យបានល្អ ដើម្បីអនុវត្តន៍ការបើកប្រាក់បៀវត្សរ៍ ២ដង ក្នុង១ខែ”។






