ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្រុងព្រះសីហនុកំពុងរះឡើងវិញហើយ ដោយអាគារកំពស់កប់ពពក ដែលគ្រោងបោះទុន៩០០លានដុល្លារអាចនឹងបង្ហាញវត្តមាននាពេលខាងមុខ។
យោងតាមការបង្ហោះរបស់ផេកឈ្មោះ Business Condo Cambodia កាលពីសប្តាហ៍មុនបានបង្ហាញថា អគារដែលមានឈ្មោះSTAR Bay នឹងសាងសង់កម្ពស់៥៩៦ម៉ែត្រ ស្មើនឹង១០៦ជាន់ វិនិយោគ ក្នុងទឹកប្រាក់សាងសង់៩០០លានដុល្លា។អាគារមួយនេះផុសឡើងមកបង្អួតរាង នៅក្រុងព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសមកដាក់ទុនវិនិយោគ នៅក្នុងខេត្តមួយនេះកាន់តែច្រើន។
ម្ចាស់ផេកបានសរសេរបន្តថា “អគារនេះ ជាអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្រុងព្រះសីហនុដែរមានកម្ពស់ខ្ពស់ជាងគេបំផុត នៅក្រុងព្រះសីហនុ បន្ទាប់ពីសាងសង់រួច”។
គំរោងSTAR BAY ដំណាក់កាលទី១ បានសាងសង់បញ្ចប់ហើយ ដែលគម្រោងនេះវិនិយោគដោយក្រុមហ៊ុន ស៊ីងហួយគ្រុប។ ក្រុមហ៊ុននេះ បានអភិវឌ្ឍន៍យ៉ាងជោគជ័យ នៅគម្រោងអចលនទ្រព្យជាច្រើន នៅទីក្រុងប៉េកាំង សៀងហៃ និងហៃណានជាដើម។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសហការ ជាមួយក្រុមហ៊ុនក្នុងស្រុកដ៏ធំគឺ ថៃ ប៉ុនរ៉ុងគ្រុប ក្នុងការសាងសង់លំនៅដ្ឋាន លើផ្ទៃដីទំហំ៨០ហិចតា ដែលមានទីតាំងផ្លូវ២ធ្នូ ក្បែរឆ្នេរសុខា។

ក្នុងណាក់កាលទី១ លើផ្ទៃដីចំនួន៨ហិចតា ស្មើនឹង១០% នៃផ្ទៃដីទាំងមូល ត្រូវបានអភិវឌ្ឍន៍ជាអគារខុនដូ ដ៏ស្រស់ស្អាតប្រណិតៗ ទំនើប ស៊ីវីល័យ និងលេចធ្លោក្នុងក្រុងព្រះសីហនុ។គម្រោងអគារខុនដូប្រណិត ស្ដាបេអគារកម្ពស់៣៣ជាន់វិនិយោគក្នុងដំណាក់កាលទី១ លើផ្ទៃក្រឡាសំណង់សរុបជាង៣០៩,៦២៤ ម៉ែត្រការ៉េ ដែរបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណណ២០២លានដុល្លារអាមេរិក។
លោកសៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុនKW Cambodia ប្រចាំខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា លោកមិនទាន់អាចបញ្ជាក់ពីភាពជាក់លាក់របស់គំរោងនេះនោះទេ ប៉ុន្តែកន្លងមកមានអាគារឈ្មោះSTAR BAY មួយគំរោងបានសាងសង់បញ្ចប់ហើយ។ ហេតុនេះ គំរោងនេះអាចជាគំរោងថ្មីរបស់ក្រុមហ៊ុនខាងលើ។
ម្ចាស់ផេកbusiness Condo Cambodia លោកឡុង រតនា ភ្នាក់ងារទិញ លក់ ជួលអចលនទ្រព្យប្រចាំក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងថា គំរោងអាគារSTAR BAYកំពស់ជិត៦០០ម៉ែត្រនេះ បានសុំច្បាប់ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាំងពីឆ្នាំ២០១៩។
លោកបន្តថា “គំរោងនេះ មិនទាន់បានចាប់ផ្តើសាងសង់នៅឡើយទេ ប៉ុន្តែតាមព័ត៌មានគំរោងនេះ អាចចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ”៕