សណ្ឋាគារ និងកាស៊ីណូរបស់ជប៉ុនប្រណីតថ្មីមួយបើកដំណើរការ នៅក្រុងព្រះសីហនុ

0

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានអញ្ជើញសម្ពោធសណ្ឋាគារក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក កូជី យ៉ាម៉ាម៉ូតូ  (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុនGRAND LA  VOGUE HOTEL AND CASINOបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធសណ្ឋាគារ និងកាស៊ីណូខាងលើកាលពីចុងសប្តាហ៍មុ​នថា គោលគំនិតរបស់ Grand La Vogue គឺ “បដិសណ្ឋារកិច្ចបែបទំនើប និងរមណីយដ្ឋានដ៏ប្រណិត ក្នុងក្រុងព្រះសីហនុ ដែលមានការចាប់អារម្មណ៍បំផុត ចំពោះអ្នកវិនិយោគជនជាតិជប៉ុន។

លោកបញ្ជាក់ថា “បេសកកម្មរបស់យើង គឺដើម្បីបញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយនឹងរមណីយដ្ឋានទីក្រុងទំនើបផ្តល់ជូននូវបទពិសោធន៍យ៉ាងពិសេស ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់បណ្តាប្រទេស”។ លោកបន្តថា “La Vogue បានបើកតាំងពីឆ្នាំ២០១៨ និងGrand La Vogue មានទស្សនតែមួយយើងខ្ញុំជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក របស់យើង ក្រុមគ្រួសាររបស់ពួកគេ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋាន”។

ផែនការនេះធ្វើឡើង ជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគ នៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។

លោកសង្ឃឹមយ៉ាងមុតមាំថា អាចរីករាយជាមួយសេវា កម្មរបស់ Grand La Vogue ដែលចាប់ផ្តើមនៅទីនេះ ថ្ងៃនេះ ជាមួយអ្នកទាំងអស់គ្នា។

អភិបាលខេត្តព្រះសីហនុលោកគួច ចំរើនបានមានប្រសាសន៍ថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើនសម្រាប់ជាមូលដ្ឋានគ្រឹះ កសាងសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកអភិបាលខេត្ត បានសម្តែងការអបអរសាទរពិធីសម្ពោធសណ្ឋាគារ និងកាស៊ីណូនាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ពិធីបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេស​ចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here