តម្លៃអាផាតមុិននៅក្នុងទីក្រុងទេសចរណ៍ Da Nang ប្រទេសវៀតណាម កំពុងហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុង Da Nang ប្រទេសវៀតណាម បានកើនឡើងចន្លោះពី១ ទៅ៣% ក្នុងត្រីមាសទី១ដល់៥០ ទៅ៨០លានដុង (២.០០០ទៅ៣.២០០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យកាណាដា Avison Young ។

នៅក្នុងរបាយការណ៍ ដែលចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនខាងលើបានគូសបញ្ជាក់ថា អត្រាស្រូបយកអាផាតមុិន(Absorption rate)នៅក្នុងទីក្រុងDa Nang (ដាណាង) ស្ថិតក្នុងរង្វង់៥០ភាគរយ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យក្នុងស្រុក DKRA បានឱ្យដឹងថា តម្លៃខ្ពស់បំផុតអាចហក់ឡើងដល់ប្រមាណ១៥០លានដុងក្នុងមួយម៉ែត្រការ៉េ ដោយក្នុងនោះ អាផាតមុិនដែលមានតម្លៃថ្លៃបំផុតក្នុងទីក្រុងដាណាង មានទីតាំងនៅសង្កាត់ Hai Chau ។

ចំណែក អាផាតមុិននៅក្នុងសង្កាត់ Son Tra និងសង្កាត់ Ngu Hanh Son ត្រូវបានដាក់លក់ក្នុងតម្លៃលើសពី៨០លានដុងក្នុងមួយម៉ែត្រការ៉េ។ រីឯ អាផាតមុិន នៅសង្កាត់ Ngu Hanh Son ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៥០ ទៅ៦៥លានដុងក្នុងមួយម៉ែត្រការ៉េ។

យោងតាមលោក David Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុន Avison Young Vietnam បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារអាផាតមុិននៅក្នុងទីក្រុងដាណាង ត្រូវបានជំរុញដោយផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

អ្នកជំនាញរូបនេះបន្ថែមថា “អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងផ្តោតលើការសាងសង់អាផាតមុិនដែលមានតម្លៃថ្លៃៗ ភាពងាយស្រួល និងការរចនាឌីហ្សាញ ខណៈតម្លៃនៃសម្ភារៈសំណង់បានកើនឡើងយ៉ាងគំហុក ដែលកត្តាទាំងនេះកំពុងជំរុញឱ្យតម្លៃអាផាតមុិនកើនឡើង”។

ទីក្រុងទេសចរណ៍ Da Nang គឺជាទីក្រុងឆ្នេរសមុទ្រមួយស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម ដែលមានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានស្នាមប្រវត្តិសាស្ត្រជាកំពង់ផែអាណានិគមបារាំង៕ប្រភព: VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here