ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គតដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

ចែករំលែក

        ដោយៈ សហការី

        សៀមរាបៈ យោងតាមសំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុកSeasia Stats របស់ឥណ្ឌូណេស៊ីបានរៀបរាប់ថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា រួមទាំងរមណីយដ្ឋានកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៊ី និងកោះបូរ៉ាកាយ (Boracay) ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណោមគោលដៅ សម្រាប់ទស្សនាទិដ្ឋភាពនាពេលថ្ងៃលិច ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣។

ខាងលើនេះ ជាខ្លឹមសារដកស្រង់ចេញពីគេហទំព័រ Bounce របស់អូស្ត្រាលី ដែលចុះផ្សាយអំពីចំណោមទិសដៅ ទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គត ដ៏ស្រស់ស្អាតបំផុតទាំង ១៥ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ។

គេហទំព័រនេះបានធ្វើការវិភាគ រាល់ចំនួនអត្ថបទ/Blogs ដែលបានណែនាំ នៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាតួលេខនៃការបង្ហោះទិដ្ឋភាពថ្ងៃលិច នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) រួមទាំងការផ្តល់ពិន្ទុ សម្រាប់ចំណាត់ថ្នាក់តាមទីកន្លែងនីមួយៗ ។

នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំងអស់នេះ ទីក្រុងអ៊ូលូរូ (Uluru) របស់ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ៩.១៣ ក្នុងចំណោម១០ពិន្ទុ។ ទន្ទឹមនឹងនោះ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៥ ដោយទទួលបានពិន្ទុ៨.៥៤ ខណៈកោះបាលី របស់ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ដោយទទួលបានពិន្ទុ ៨.២០។

ជាមួយគ្នានេះកោះបូរាកាយ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៩ ជាមួយនឹងពិន្ទុ៧.៩៤ និងភ្នំភ្លើងប្រូម៉ូ (Mount Bromo) ស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ជាមួយនឹងកម្រិតពិន្ទុ៦.៧៨ ៕


ចែករំលែក