Hattha top Banner

រដ្ឋមន្រ្តីព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឍប់ការផ្សព្វផ្សាយរូបភាពឃាតកម្មលើបណ្តាញសង្គម

0
លោកនេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ត្រាបានអំពាវនាវ និងស្នើសុំប្រជាពលរដ្ឋបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាព ឃាតកម្ម រូបភាពហិង្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែទទួលរងភាពឈឺចាប់។

លោកនេត្រ ភ័ត្រាបានមានប្រសាសន៍ថា ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ​ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។

លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ និងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡា​ញ់របស់ខ្លួន”។

លោកនេត្រ ភ័ត្រាបានបន្តថា ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាព ដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។

លោកបន្តថា “ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង”។ លោកបន្ថែមថា “ខ្ញុំសង្ឃឹមនិងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here