Hattha top Banner

អ្នកជំនាញ: ប្រទេសថៃអាចទទួលបានផលចំណេញសេដ្ឋកិច្ច ពីការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិន

0

ដោយ: គង់ លាងហួរ
បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) ជឿជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្ម និងជំរុញការនាំចេញផលិតផលមួយចំនួនរបស់ប្រទេសថៃ។

លោក Kriengkrai Thiennukul ប្រធាន FTI លើកឡើងថា “ប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្ម នៅពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលខ្ពស់លើទំនិញពីប្រទេសចិន។ ស្ថានភាពនេះអាចជំរុញឱ្យមានការស្វែងរកផលិតផលជំនួស ដែលអាចជាអត្ថប្រយោជន៍របស់ប្រទេសថៃ”។

ជាឧទាហរណ៍ ប្រទេសថៃគឺជាប្រទេសនាំចេញម៉ាស៊ីនត្រជាក់ធំទី២របស់ពិភពលោក បន្ទាប់ពីប្រទេសចិន។ត្រង់ចំណុចនេះលោក Kriengkrai បានមានប្រសាសន៍ឱ្យដឹងថា “នៅក្នុងសេណារីយ៉ូថ្មីតម្រូវការទិញម៉ាស៊ីនត្រជាក់ ដែលផលិតនៅប្រទេសថៃអាចនឹងមានការកើនឡើង”។

ម្យា៉ងវិញទៀត កាលពីមុននេះ សហរដ្ឋអាមេរិកក៏បានដំឡើងពន្ធលើផលិតផលម៉ាស៊ីនត្រជាក់ដែលនាំចូលមកពីប្រទេសចិនផងដែរ ដែលការណ៍នេះបានបណ្តាលឱ្យមានការកើនឡើងនៃតម្រូវការម៉ាស៊ីនត្រជាក់ ដែលនាំចូលមកពីប្រទេសថៃ។

លោក Kriengkrai បានមានប្រសាសន៍ឱ្យដឹងបន្តថា “ហេតុដូច្នេះហើយយើងនឹងធ្វើការត្រួតពិនិត្យតាមដានជាបន្តទៅទៀតថា តើសង្គ្រាមពាណិជ្ជកម្មនេះនឹងនាំឱ្យសហរដ្ឋអាមេរិកដំឡើងពន្ធបន្ថែមទៀតលើទំនិញផ្សេងទៀត ដែលនាំចូលពីប្រទេសចិន លើសពីវិស័យរថយន្តឬយ៉ាងណា”។

ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) រូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា “ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធលើប្រភេទ ទំនិញផ្សេងៗបន្ថែម ទៀតរបស់ប្រទេសចិននោះផលិតផលមកពីប្រទេសថៃ ដែលអាចប្រើជំនួស ផលិតផលចិនក៏នឹងទទួលបានផលចំណេញវិជ្ជមានផងដែរ”។

កាលពីពេលកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធលើទំនិញភាគច្រើន ដែលនាំចូលពីប្រទេសចិនដល់អត្រា២៥% ខណៈអត្រាពន្ធលើរថយន្តអគ្គិសនីរបស់ចិនអាចនឹងត្រូវបានដំឡើងដល់១០០%តែម្តង និងអត្រាពន្ធ៥០%លើការនាំចូលគ្រឿងអេឡិចត្រូនិក កោសិកាថាមពលពន្លឺព្រះអាទិត្យ និងផលិតផលវេជ្ជៈសាស្ត្រ ខណៈពន្ធថ្មីទាំងនេះនឹងចូលជាធរមានក្នុងរយៈពេល៣ខែខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here