Hattha top Banner

ដំណឹងល្អៈ កម្ពុជានឹងមានថាមពលអគ្គិសនីដើរដោយខ្យល់នៅខេត្តមណ្ឌលគិរី និងខេត្តកំពត

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈបានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។

តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពី ថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា “ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដ​មណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ”។

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល

លោក កែវ រតនៈបានបញ្ជាក់ថា “ថាមពលដើរដោយខ្យល់នេះ សំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក”។លោកបន្តថា “ការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា”។

ជាមួយគ្នានេះ លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យក្រុមហ៊ុនស្រុក ដែលសហការជាមួយក្រុមហ៊ុនអន្ដរជាតិ កំពុងធ្វើការសិក្សា ក្នុងការអនុវត្ដគម្រោងនេះ។លោកបញ្ជាក់ថា  “យើងកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សា ដោយមិនទាន់ដឹងអំពីទំហំវិនិយោគនៅឡើយទេ ដោយទុកឲ្យក្រុមហ៊ុនធ្វើការសិក្សាជាមុនសិន”

លោកបានលើកឡើងថា ការដំឡើងថាមពលដើរដោយខ្យល់នេះ នឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់បណ្ដាញប្រព័ន្ធជាតិ របស់អគ្គិសនីកម្ពុជា មានភាពគ្រាប់គ្រាន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here