Hattha top Banner

ប្រទេសចិនបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រវែងជាងគេបំផុតទី៣នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រវែងជាងគេបំផុតនៅក្នុងប្រទេសរបស់ខ្លួនជាផ្លូវការហើយ កាលពីសប្តាហ៍មុន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន China Daily។

នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ផ្លូវរូងក្រោមទឹកសមុទ្រ Jintang នឹងក្លាយជាកំណាត់ផ្លូវមួយខ្សែដ៏សំខាន់នៃប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុង Ningbo និងទីក្រុង Zhoushan ក្នុងខេត្ត Zhejiang។

ផ្លូវក្រោមទឹកនេះនឹងលាតសន្ធឹងប្រវែង១៦,១៨គីឡូម៉ែត្រ ដែលធ្វើឱ្យផ្លូវនេះក្លាយជាផ្លូវរូងក្រោមទឹក ដែលវែងបំផុត ក្នុងចំណោមផ្លូវក្រោមទឹកវែងបំផុតផ្សេងៗទៀតនៅលើពិភពលោក ហើយរថភ្លើងនឹងធ្វើដំណើរក្នុងល្បឿន២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការសាងសង់ផ្លូវរូងក្រោមទឹកសមុទ្រនេះគឺជាគម្រោងប្រកបដោយមហិច្ឆតាខ្ពស់របស់ប្រទេសចិន។ ប៉ុន្តែ គម្រោងនេះត្រូវជួបបញ្ហាប្រឈមខ្លាំងបំផុត ដោយសារស្ថានភាពភូមិសាស្ត្រ សម្ពាធជម្រៅទឹក និងប្រវែងរបស់ផ្លូវនេះតែម្តង។

នៅពេលសាងសង់រួចរាល់ ផ្លូវនេះនឹងក្លាយទៅជាផ្លូវរថភ្លើងក្រោមសមុទ្រ ដែលវែងជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីផ្លូវរូងក្រោមទឹកឈ្មោះ Channel Tunnel ដែលតភ្ជាប់ចក្រភពអង់គ្លេស និងប្រទេសបារាំង និងផ្លូវរូងក្រោមទឹក Seikan របស់ប្រទេសជប៉ុន។ ទោះជាយ៉ាងណាក្តី រថភ្លើងទាំងនោះធ្វើដំណើរក្នុងល្បឿនអតិបរមាត្រឹមតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។

បច្ចុប្បន្ន ទីក្រុង Zhoushan និងទីក្រុង Ningbo ត្រូវបានតភ្ជាប់ដោយស្ពានឆ្លងសមុទ្រ និងសាឡាង ដែលតែងទទួលរងការរំខានពីព្យុះទីហ្វុង បញ្ហាប្រឈមនៃការដឹកជញ្ជូនតាមសមុទ្រ និងការកកស្ទះក្នុងថ្ងៃបុណ្យឈប់សម្រាក ដែលបណ្តាលឱ្យមានការរអាក់រអួលសម្រាប់អ្នកធ្វើដំណើរ។

ផ្លូវរូងក្រោមសមុទ្រ Jintang នឹងក្លាយជាកំណាត់ផ្លូវមួយខ្សែដ៏សំខាន់នៃប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន Ningbo-Zhoushan ដែលមានប្រវែងសរុបចំនួន៧៧គីឡូម៉ែត្រ ដែលត្រូវបានគេរំពឹងទុកថា នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៨ខាងមុខ៕ប្រភព: China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here