Hattha top Banner

នៅកម្ពុជាមានធនាគារនិងមីក្រូហិរញ្ញវត្ថុកើនដល់១៥៤ស្ថាប័ន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានបញ្ជាក់ថា  វិស័យ​សំណង់ និង​អចលនទ្រព្យ​ ដែល​បានទទួល​រង​ឥទ្ធិពល​ពីវិបត្តិ​កន្លមក ត្រូវបានព្យាករថា​នឹង​បន្ត​មាន​កំ​ណើ​ន​ទាប។

យោងតាមទស្សន​វិស័យ​ និងទិសដៅ​ការងារឆ្នាំ២០២៤​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានព្យាករថា តម្រូវការ​សំណង់​ប្រណីត ​ដែល​បម្រើ​ដល់​អនិ​វាសនជន​ ក៏ត្រូវ​បានរំពឹងថា​នឹង​បន្តមានភាព​ទន់​ខ្សោយ ។ ការ​ងើបឡើង​ទន់​ខ្សោយ​នៃ​វិស័យ​សំណង់ និង​ការ​​ថយ​ចុះតម្រូវការ ​ក្នុងវិស័យ​អចលនទ្រព្យ​ ជា​ផ្នែកមួយ​ នៃការ​ប្រឈម​នៃសេដ្ឋកិច្ច​​របស់កម្ពុជា ក្នុងឆ្នាំ២០២៤​​​​នេះ។

របាយការណ៍ដដែលបានឲ្យដឹងថា កំណើន​ទាប​ជាង​ការរំពឹង​ទុកនៃ​សេដ្ឋកិច្ច ​ប្រទេសជាដៃគូ​សេដ្ឋកិច្ច​ចម្បងៗរបស់ម្ពុជា​ ដូចជា​ប្រទេសចិន ប្រទេស​អាមេរិក ​និងអឺរ៉ុប​ ដែល​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ​តម្រូវការ ​សម្រាប់​នាំចេញ​វិស័យ​ទេសចរណ៍ សំណង់ និងអចលនទ្រព្យ​ផងដែរ ស្រប​នឹង​កម្ពុជា​នៅតែបន្តពឹង​លើការ​វិនិយោគពីវិនិយោគិន​ក្រៅប្រទេស។

NBCបានបញ្ជាក់ថា “រាជរដ្ឋាភិបាល​​បាននលើកទឹកចិត្ត​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​រៀប​ចំ​ឥណទាន​ឡើងវិញ ​ចំពោះវិស័យ​អចលនទ្រព្យ​ ជូនអតិថិជន​ដែលជួបប្រទះ ​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ប​ណ្ដោះ​​អាសន្ន​ ដោយត្រូវគោរពតាម​បទប្បញ្ញត្តិ ​ដែល​មានជាធរមាន”។

អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​បញ្ចេញទស្សន​ស្រដៀង​គ្នា​ផងដែរថា ការ​វិនិ​​យោ​គ​​​​​​​នៅមានកំណើន​ទាប មិនទាន់ដូច​នឹង​មុន​គ្រា​ដែលពិភពលោក និង​កម្ពុជា​ជួបវិបត្តិ​​កូវីដ​១៩​នោះទេ ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ២០២១- ឆ្នាំ២០២២ និងឆ្នាំ​២០២៣ នៅក្នុងឆ្នាំ២០២៤​នេះគឺ​មានភាពប្រសើរ។​

អ្នក​នាង គឹម គិន​កេសា នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២៤​នេះ ជា​ពេ​ល​វេ​លា​​ដែល​ត្រូវ​ស្វែងរក​អ្នក​ទិញអចលនទ្រព្យ ​ដូចជា​ ខុនដូ អាផាតមិន ផ្សារទំនើប​ជាដើម ពីព្រោះថា​វិស័យ​សំណង់​ និងអចលនទ្រព្យ​ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ ពោលគឺមុនពេលមានវិបត្តិ​ ការ​ផ្គត់ផ្គត់លើស​តម្រូវការ។ ដូច្នេះ​ក្នុង​ឆ្នាំនេះ​ ​គឺទាមទារស្វែងរក​អ្នកមានតម្រូវការ ជាជាងអ្នក​ផ្គត់ផ្គង់ ។​

អ្នក​នាង​បានគាំទ្រ​ទៅលើ​របាយការណ៍ របស់ធនាគារ​ជាតិ​នៃកម្ពុជា ដែលបានចេញផ្សាយថា ឆ្នាំនេះ វិស័យ​អចលនទ្រព្យនិងសំណង់ នឹង​មានកំណើនទាបដដែល ដោយមិនទាន់អាច​កើនឡើងខ្ពស់​បានទេ ។

អ្នកនាង​កេសាបញ្ជាក់ថា “វិស័យនេះត្រូវកា​ររយៈពេល២ទៅ៣ឆ្នាំទៀត ​ទើប​អាច​មានស្ថានភាពវិលទៅរក ​ស្ថានភាពមុនកូវីដ​១៩​វិញ “។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការងើបឡើងវិញខ្យោយរបស់វស័យនេះ មិនមានអ្វីប្លែកនោះទេ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដោយសារជំងឺកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រ្តាអ៊ែល និងក្រុមហាម៉ាស បាននិងកំពុងបន្តអូសបន្លាយ នេះនិយាយជារួម ប៉ុន្តែនិយាយដោយឡែកវិស័យនេះនៅកម្ពុជាបានរងផលប៉ះពាល់រយៈពេលជិត៥ឆ្នាំមកហើយ ហេតុនេះការងើបឡើងវិញរបស់វិស័យនេះ ត្រូវការពេលវេលាច្រើន។

លោកបន្តថា “ការជម្រុញឲ្យវិស័យនេះងើបឡើងវិញ ទាមទារឲ្យមានលំហូរទុនវិនិយោគពីបរទេស ដែលទីផ្សារត្រូវការធ្វើពិពិធកម្មដោយងាកចេញពីការពឹងផ្អែកប្រទេសចិន”។ លោកបន្តថា “ការពឹងផ្អែកប្រទេសចិន ដើម្បីស្រោចស្រង់វិស័យនេះ ហាក់ហួសពេលហើយ ហេតុនេះ រដ្ឋាភិបាលត្រូវពង្រីកការទាក់ទាញទីផ្សារ ពីប្រទេសផ្សេង តាមរយៈការដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីលើកទឹកចិត្តអ្នកវិនិយោបរទេស ពិសេសការធ្វើឲ្យបរិយាកាសវិនិយោគ ឲ្យកាន់តែប្រសើរឡើង”។

លោកយិន លាងគង់បានបញ្ជាក់ថា បញ្ហាការិយាធិបតេយ្យនៅក្នុងវិស័យនេះ នៅតែបន្តអ័ព្ទអួរ ដែលបាននិងកំពុងរំខានដល់អារម្ម​ណ៍អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here