ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ វិស័យហិរញ្ញវត្ថុកម្ពុជាកំពុងរីកចម្រើន ព្រមគ្នាជាមួយហានិភ័យ ដោយគ្រឹះស្ថាបធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់១៥៤ស្ថាប័ន ដែលចំនួននេះមិនទាន់រាប់បញ្ចូល នូវស្ថាប័នតូចៗដទៃទៀតនៅឡើយ។
យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ៥៨ ធនាគារឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨៣ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១៦ គ្រឹះស្ថានឥណទានជនបទ១១៤ អ្នកដំណើរការតតិយភាគី៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន១ ការិយាល័យតំណាងធនាគារបរទេស៥ និងអាជីវកម្មប្តូរប្រាក់២៩២៨។
របាយការណ៍ដដែលបានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៩,០ភាគរយ កើនដល់ទឹកប្រាក់៣៤៥,១ ទ្រីលានរៀល (៨៤,៥ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង៥,០ភាគរយ ដល់២៣៦,២ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ប្រាក់បញ្ញើអតិថិជនមានកំណើន១៣,៩ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល(៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន៥,៣ភាគរយ ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ប៊ីលានដុល្លារអាមេរិក)៕