ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្លឹបនីតិធុរកិច្ចខេមអេដ (CamEd Business Law Club-CBLC) សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) បានរៀបចំសិក្ខាសាលាមួយ ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់វិនិយោគកម្ពុជា ដោយពន្យល់ពាក្យបច្ចេកទេស ក៏ដូចជាការចែករំលែកការយល់ដឹង និងគន្លឹះក្នុងការបង្កើនឱកាសវិនិយោគនៅកម្ពុជា។
សិក្ខាសាលាស្តីពី “ការស្វែងយល់ពីបទប្បញ្ញត្តិថ្មី និងការបង់ពន្ធ” ដឹកនាំដោយ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និង លោកRuwan S. Hulugalle ប្រធានគណៈកម្មាធិការច្បាប់ AmCham នៅសាលាធុរកិច្ចខេមអេដ (CamEd Business School)កាលពីដើមសប្តាហ៍នេះ។
ព្រឹត្តិការណ៍នេះក៏មានកិច្ចពិភាក្សាជាក្រុម ដែលមានវត្តមានរបស់អ្នកជំនាញផ្នែកធុរកិច្ច រួមមាន លោក Matthew Rendall ដៃគូគ្រប់គ្រងរបស់ Sok Siphana & Associates លោក ស៊ឹម ឡាយស៊ីម ដៃគូក្រុមហ៊ុន VDB Loi Co Ltd លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) និងកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។
លោក Barnett បានមានប្រសាសន៍ថា “កម្ពុជាមានឱកាសវិនិយោគដ៏ធំ សម្រាប់ជនជាតិអាមេរិក ប៉ុន្តែយើងមិនឃើញមានក្រុមហ៊ុនច្រើនមកពីសហរដ្ឋអាមេរិក មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជានោះទេ”។
លោកបានបញ្ជាក់ថា មានហេតុផលសំខាន់ពីរសម្រាប់អវត្តមានរបស់ពួកគេ ទីមួយគឺការយល់ឃើញពីប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិ និងការស្ទាក់ស្ទើររបស់ធនាគារ និងអ្នកវិនិយោគអាមេរិកក្នុងការទទួលយកហានិភ័យ។
ផែនការធានាគុណភាព (QAP) នៅកម្ពុជាគឺអស្ចារ្យ ប៉ុន្តែពាណិជ្ជករអាមេរិកមិនបានដឹងអំពីវាទេ។ លើសពីនេះ ទំហំប្រជាជនតិចតួចក៏ជាកត្តាសំខាន់ផងដែរ។ លោកបានលើកជាឧទាហរណ៍ របស់ប្រទេសវៀតណាម ដោយសារពួកគេមានចំនួនប្រជាជនច្រើនជាង និងកម្លាំងពលកម្មខ្លាំងជាង។
ប្រធាន AmCham លោក Casey Barnett បានមានប្រសាសន៍ថា ក្រុមហ៊ុនមួយចំនួនមិនចង់នៅទីនេះ(កម្ពុជា)ទេ។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Nike ដែលមិនចាំបាច់បើករោងចក្រនៅកម្ពុជា ខណៈក្រុមហ៊ុនគ្រាន់ តែអាចជួលរោងចក្រក្នុងស្រុក ដើម្បីផលិតផលិតផល បោះត្រាស្លាកសញ្ញា និងលក់លើទីផ្សារ។
លោក ស៊ឹម ឡាយស៊ីម មានប្រសាសន៍ថា ច្បាប់វិនិយោគកម្ពុជាមិនរើសអើងទេ ប៉ុន្តែការអនុវត្តគឺមិនសើ្មភាព ហើយឥឡូវនេះរដ្ឋាភិបាលកំពុងមានវិធានការ ដើម្បីជួយសម្រួលដល់ការវិនិយោគបរទេស ឱ្យកាន់តែប្រសើរឡើង៕