ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកShohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានប្រកាសធ្វើការជិតស្និទ្ធជាមួយសភាកម្ពុជា ក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន បានគូសរំលេចបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោក សូរ៉ាត ហ្សាគៀរ ជម្រាបសម្តេចធិបតីពីការកត់សម្គាល់ របស់លោកពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។
លោកបានជម្រាបសម្តេចធិបតី អំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កា ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់ផងដែរ។
លោក សូរ៉ាត ហ្សាគៀរ បានបញ្ជាក់ថា “ដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជានាពេលនេះ ធ្វើឡើងដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោកសូរ៉ាត ហ្សាគៀរ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិភាក្សារវាងសម្តេចមហារដ្ឋសភាធិការធិបតី និងលោក សូរ៉ាត ហ្សាគៀរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេចធិបតីបានបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សម្តេចធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕