ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីមនុស្សចំនួន២រូប បានឱ្យដឹងថា ក្រុមមន្ត្រីវៀតណាម បានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាត់បន្ថយ ការប្រើប្រាស់ថាមពលចំនួន៣០% នៅរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិករបស់ខ្លួន នៅភាគខាងជើងនៃប្រទេសវៀតណាម ដែលមានការដាច់ចរន្តអគ្គិសនីកាលពីឆ្នាំមុន។
សំណើរនេះក៏ត្រូវបានផ្ញើទៅកាន់ ក្រុមហ៊ុនផលិតកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន ក្នុងគោលដៅបញ្ចៀសការដាច់ចរន្តអគ្គិសនីម្តងទៀត ដូចកាលពីរដូវក្តៅ ឆ្នាំមុន ដែលនៅពេលនោះ កង្វះថាមពលបាននាំឱ្យខាតបង់ទិន្នផល ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ។
-->
យោងតាមប្រភពពីមនុស្សម្នាក់ ក្នុងចំណោមប្រភពទាំង២ខាងលើ បានទម្លាយឱ្យដឹងថា ការស្នើសុំទៅកាន់ក្រុមហ៊ុន Foxconn គឺជាការលើកទឹកចិត្ត ពុំមែនជាតម្រូវការ ឬការទាមទារនោះទេ ហើយវាក៏មិនមានផលប៉ះពាល់អ្វីដល់ការផលិតនោះដែរ។
ប្រទេសវៀតណាម កំពុងក្លាយជាគោលដៅវិនិយោគថ្មីដ៏ទាក់ទាញ របស់បណ្តាក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន ដែលបានធ្វើពិពិធកម្មចាកចេញពីប្រទេសចិន ស្របពេលដែលទីក្រុងប៉េកាំងកំពុងមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
តួយ៉ាង កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក បានប្តេជ្ញាបោះទុនវិនិយោគបន្ថែមទៀត ខណៈកាលពីឆ្នាំមុន Apple បានបង្កើនចំនួនអ្នកផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសវៀតណាមពី២៥ក្រុមហ៊ុន ឡើងដល់៣៥ក្រុមហ៊ុន។
ប្រទេសនៅតំបន់អាស៊ានមួយនេះ បានពឹងផ្អែកលើការវិនិយោគពីបរទេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ហើយខ្លួនបាននិងកំពុងព្យាយាមទាក់ទាញឧស្សាហកម្ម ដែលត្រូវការថាមពលច្រើន ដូចជាការផលិតឧបករណ៍ semiconductor ជាដើម។
ទោះជាយ៉ាងណាក្តី ការវាយប្រហារដោយរលកកំដៅ កាលពីខែឧសភា និងខែមិថុនា ឆ្នាំមុន បានបង្កឱ្យមានការខ្វះខាតថាមពល និងរំខានដល់ប្រតិបត្តិការអាជីវកម្ម នៅភាគខាងជើងនៃប្រទេសវៀតណាម រហូតបណ្តាលឱ្យខាតបង់ទឹកប្រាក់ ចំនួន១,៤ពាន់លានដុល្លារ ឬស្មើនឹងចំណែក០,៣% នៃផលទុនជាតិសរុប(GDP)របស់វៀតណាម៕ប្រភព: Reuters៕