ព្រះសីហនុៈ ពុទ្ឋបដិមាថ្មីមួយកំពស់រហូតដល់៨៨ម៉ែត្រ បានស្ថិតនៅក្នុងផែនការសាងសង់ នៅទីក្រុងBay of Light នៃក្រុងព្រះសីហនុ។
Buddha Park នឹងសាងសង់នាពេលខាងមុខ នៅក្នុងទីក្រុងBay of Light ដែលបាននិងកំពុងសាងសង់ តាមដំណាក់កាលលើផ្ទៃដីទំហំជាង៨០០ហិកតា និងគ្រោងចំណាយទុនវិនិយោគ រហូតដល់១៦ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរាម ក៏បាននាំមកនូវAIM Congress Asia ដែលជាក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍ធុរកិច្ចលំដាប់ពិភពលោក មកកាន់កម្ពុជាផងដែរ ដើម្បីទាក់ទាញការវិនិយោគពីអន្តរជាតិមកកាន់កម្ពុជា និងមកកាន់គំរោងទីក្រុងរាមនាពេលអនាគត។
Bay of Lightបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ពិសេសក្នុងដំណាក់កាលទី១ ដែលបាននិងកំពុងធ្វើឡើងលើផ្ទៃដីប្រមាណ៥០ហិកតា បាននិងកំពុងបើកដំណើរការគំរោងកម្សាន្តបណ្តើរៗហើយ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចង់ទៅសំរាកលំហែរនៅទីក្រុងជាប់ឆ្នេរសមុទ្រ ស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ៕