ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា កង្វះបទបញ្ញត្តិមួយចំនួន បានធ្វើឲ្យម្ចាស់អាគារមួយចំនួន មិនអាចលក់ចេញទីឲៅអ្នកវិនិយោគទី២បាន បន្ទាប់ពីពួកគេបានសាងសង់បញ្ចប់។
អ្នកជំនាញ និងវិភាគអចលនទ្រព្យ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារបញ្ហាវិបត្តិក្នុងវិស័យនេះ បានធ្វើឲ្យម្ចាស់គំរោងមួយចំនួន បានដាក់លក់អាគាររបស់ខ្លួននៅក្នុងទីផ្សារ ដែលម្ចាស់អាគារខ្លះ បានដាក់លក់ក្នុងតម្លៃល្អ ប៉ុន្តែនៅពេលយើងសិក្សាសម្រាប់ការទិញពីអ្នកវិនិយោគទី២ បានរកឃើញថា គំរោងទិញលើអាគារមួយចំនួនបានជាប់គាំង ដោយសារកង្វះបទបញ្ញត្តិមួយចំនួន។
-->
លោកបញ្ជាក់ថា “ម្ចាស់អាគារធំៗមួយចំនួន បានបញ្ចុះតម្លៃលក់ ប៉ុន្តែឯកសារផ្លូវច្បាប់របស់ពួកគេមិនគ្រប់គ្រាន់ ដូចជាទាក់ទងនឹងឯកសារផ្លូវច្បាប់ និងការងារពាក់ព័ន្ឋពន្ឋដា”។ លោកបន្តថា “មានអ្នកអភិវឌ្ឍន៍មួយចំនួន ដែលគំរោងរបស់ពួកគេមួយចំនួន មានតម្លៃរាប់រយលានដុល្លារ ប៉ុន្តែនៅពេលយើងសិក្សារួចបានរកឃើញថា ពួកគេខ្វះឯកសារប្រកាសពន្ឋ និងឯកសារច្បាប់មួយចំនួនទៀតមិនមានគ្រប់គ្រាន់”។
លោកប៉ូ អ៊ាវគង់បានបន្តថា ការមិនអនុវត្តកាតព្វកិច្ចមួយ ដែលមិនមានឯកសារគ្រប់គ្រាន់ បានធ្វើឲ្យការទិញ លក់ជាប់គាំង ឬធ្វើឲ្យអ្នកវិនិយោគដទៃទៀតបាត់បង់ទំនុកចិត្ត ហើយគំរោងទាំងនោះភាគច្រើនជាគំរោងរបស់អ្នកវិនិយោគចិន។
លោកបានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍មួយចំនួន ដែលមានបញ្ហាខាងលើនេះ គួររៀបចំឯកសារផ្លូវច្បាប់ឲ្យបានគ្រប់គ្រាន់ ទាំងច្បាប់សំណង់ និងច្បាប់ពន្ឋដា ដើម្បីឲ្យពួកគេអាចដំណើរការគំរោងរបស់ពួកគេដំណើរការបានរលូន និងបើមានបញ្ហាហើយចង់លក់ចេញ ពួកគេអាចលក់បានដោយជោគជ័យ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate
នៅរាជធានីភ្នំពេញ មានគំរោងអាគារមួយចំនួនបានជាប់គាំងដូចជា Gold Tower 42 , Sino Plaza, អាគារខុនដូមួយនៅតំបន់ជ្រោយចង្វារ និងគំរោងមួយចំនួនទៀត ដែលបានសាងសង់បញ្ចប់តែមិនអាចដំណើរការបាន ពិសេសក្រុងព្រះសីហនុ មានអាគាររាប់រយបានជាប់គាំងនៅទីក្រុងមួយនេះ៕
